គម្រោងរេដបូក ដែនជម្រកសត្វព្រៃលំផាត់ ផ្តល់ថវិកាគាំទ្រដល់ការជួសជុលទំនប់ទឹកភូមិស្រែជ្រៃ
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥-- គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ អនុវត្តដោយអង្គការជីវិតធម្មជាតិកម្ពុជា បានផ្តល់ថវិកាជួយសហគមន៍នៅភូមិស្រែជ្រៃ ដើម្បីចូលរួមក្នុងការជួសជុលផ្លូវថ្នល់ និងទំនប់ទឹក ដែលត្រូវបានខូចខាតដោយសារជំនន់ទឹកភ្លៀងក្នុងរដូវវស្សានេះ។

មន្រ្តីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ថា ការជួសជុលនេះមានគោលបំណងសំខាន់ក្នុងការគាំទ្រការធ្វើស្រែ និងដាំដុះស្រូវសរីរាង្គរបស់កសិករចំនួន ៣៣គ្រួសារ ដែលរងផលប៉ះពាល់ដោយផ្ទាល់។ ទំនប់ទឹកនិងដែលត្រូវបានប្រើជាផ្លូវក្នុងភូមិផងត្រូវបានប្រើជាមធ្យោបាយដ៏សំខាន់សម្រាប់ការដឹកជញ្ជូនកសិផល ក៏ដូចជាការរក្សាទុកទឹកសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ដើម្បីបន្តការបង្កបង្កើនផល ទទួលបានទិន្នផលស្រូវឱ្យបានល្អប្រសើរឡើង។

ដែនជម្រកសត្វព្រៃលំផាត់គឺជាតំបន់ការពារធម្មជាតិមួយ ក្នុងចំណោមតំបន់គម្រោងរេដបូកនៅក្នុងប្រទេសកម្ពុជា កំពុងរៀបចំ និងអនុវត្តគម្រោងរេដបូកសម្រាប់ឥណទានកាបូន (REDD+) បានល្អ ដូចនៅតំបន់នានាផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា៕

ដោយ ណយ នឿន (ប្រភព៖ NatureLife)





