ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់៖ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោដើម្បីឆ្លើយតបទៅនឹងកំណើននៃការដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង
AKP កណ្ដាល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥–ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា ដោយសារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ដែលបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ១៩៥៥ មានលក្ខណៈតូចចង្អៀត ហើយទីតាំងនេះទៀតសោតគឺស្ថិតនៅកណ្តាលរាជធានីភ្នំពេញផងនោះគឺមិនអាចធ្វើការអភិវឌ្ឍ និងពង្រីកបានទេ នោះទើបរាជរដ្ឋាភិបាលបានសម្រេចធ្វើការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោឡើងជំនួសឱ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងកំណើននៃការដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង។ ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ យ៉ាងដូច្នេះ ក្នុងពិធីបើកសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ជាសម្បត្តិរបស់រដ្ឋស្ថិតក្នុងការគ្រប់គ្រង និងថែរក្សាដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ហើយចំពោះការប្រើប្រាស់ទីតាំងអាកាសយានដ្ឋានចាស់ទៅអនាគតគឺអាស្រ័យទៅលើទស្សនាទាន និង ការសម្រេចរបស់រាជរដ្ឋាភិបាល។ ទាក់ទងទៅនឹងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា ដើម្បីទទួលយន្តហោះគ្រប់ប្រភេទ ទាំងតូច ទាំងធំ ឱ្យចុះចតបានដោយសុវត្ថិភាព ជាការបើកចំហជើងមេឃក្រោមចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី ហើយដែលកំពុង ធ្វើឱ្យមានការរីកចម្រើនសម្រាប់វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាទាំងមូល តាមរយៈការជំរុញការតភ្ជាប់ទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាសទាំងក្នុងស្រុក និងអន្តរជាតិ ការជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការវិនិយោគបរទេស និងការបង្កើនការ ងារ។ ឯកឧត្តមមានការជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោនេះនឹងក្លាយជាស្ពាននៃការសាមគ្គី សហប្រតិបត្តិការដ៏សំខាន់សម្រាប់ការតភ្ជាប់រវាងព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោកកាន់តែទូលំទូលាយ និងក្លាយជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់វិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ច របស់ព្រះរាជាណាចក្រកម្ពុជាទាំងមូល៕


ដោយ៖ ចាន់ សុភឿន





