វត្តស្វាយរមៀតហែរអង្គកឋិនទាននៅលើផ្ទៃទឹកបារាយណ៍ ជាប្រពៃណីទំនៀមទំម្លាប់របស់វត្ត
AKP សៀមរាប ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥-- ជាប្រពៃណីទំនៀមទំម្លាប់របស់វត្តវត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៥ អាចារ្យគណៈកម្មការវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានការរៀបចំដង្ហែអង្គកឋិនទាននៅលើផ្ទៃទឹកបារាយណ៍ ដើម្បីញ៉ាំងឱ្យកម្មវិធីកឋិនទាននោះកាន់តែមានភាពឧឡាឬកគគ្រឹកគគ្រេង។ នេះគឺជាលើកទី៤ហើយដែលគណៈកម្មការវត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នមានសមត្ថកិច្ច បានរៀបចំដង្ហែអង្គកឋិននៅលើទឹកនេះ។ ហើយអ្វីដែលធ្វើឱ្យអង្គកឋិនកាន់មានភាពសប្បាយរីករាយ គឺការរៀបចំឱ្យមានអាហារសប្បាយ មាននំបញ្ចុក បុកល្ហុង ស៊ុបមី និងគ្រឿងភេសជ្ជៈជាច្រើនមុខទៀត អាហារទាំងនេះទទួលទានដោយសេរីអត់មានគិតលុយទេ។

តាមវិន័យវត្តមួយទទួលអង្គកឋិនបានតែម្តងទេ ក្នុងរយៈកាលនៃរដូវកឋិនមាន២៩ថ្ងៃ ហើយពិធីបុណ្យកឋិនទាននេះ គឺជាការជួយទំនុកបំរុងបច្ច័យបួនសង្រ្គោះដល់ភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់កាលត្រីមាសមកហើយគឺបំរើដល់ប្រយោជន៍ កសាងនិងអភិវឌ្ឍទីអារាម និងជាចក្តបច្ច័យសម្រាប់ទ្រទ្រង់ដល់ព្រះសង្ឃគង់និងសិក្សារៀនសូត្រជាដើម។ សម្ភារៈសំខាន់របស់កឋិន មានតែបីទេគឺស្បង់ ត្រៃ ចីវរ សម្ភារៈផ្សេងពីនេះរួមទាំងថវិកាសង្កត់ត្រៃផងគេហៅថាបរិវារកឋិន ក្រៅអំពីស្បង់ស្បៃត្រ័យជីវរនេះគឺមានគឺមានញាតិញោម ពុទ្ធបរិស័ទ មកពីក្នុង និងក្រៅប្រទេស ចូលរួមបច្ច័យអមត្រ័យ ឬបច្ច័យសង្កត់ត្រ័យ។

ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត បានមានសង្ឃដីកាថា បច្ច័យដែលអង្គកឋិនទានប្រមូលបានពីពុទ្ធបរិស័ទចូលរួមនោះឆ្នាំនេះទទួលបានជាង២៥លានរៀល ហើយដូចគ្នានៅរៀងរាល់ឆ្នាំដែរបច្ច័យទាំងនេះក្រៅផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃដល់ភិក្ខុ សាមណេរទាំង៥០អង្គ មួយចំនួននឹងបែងចែកឧបត្ថម្ភបន្ថែមទៅគ្រូបង្រៀនជាគ្រូកិច្ចសន្យានិងគ្រូស្ម័គ្រចិត្ត នៃសាលាពុទ្ធិកបឋមសិក្សាវត្តស្វាយរមៀត ហើយបច្ច័យមួយចំនួនទៀតគឺ ទ្រទ្រង់ព្រះសង្ឃសិក្សារៀនសូត្រ ផ្គត់ផ្គង់ថ្លៃទឹកថ្លៃភ្លើង ជួសជុលកែលំអ បរិស្ថាន សួនច្បារ បរិវេណវត្តផងដែរ៕


ដោយ ឃុត សៅ





