ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ
AKP កណ្ដាល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ នឹងអញ្ជើញជាអធិបតីក្នុងក្នុងពិធីបើកសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រូវបានចំណាយទុនវិនិយោគសរុប ២,៣០០ (ពីរពាន់បីរយ) លានដុល្លារអាម៉េរិក និងបានសាងសង់នៅលើផ្ទៃដីសរុប ទំហំ ២,៦០០ (ពីរពាន់ប្រាំមួយរយ) ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២៦គីឡូម៉ែត្រពីចំណុចកណ្ដាលរាជធានីភ្នំពេញ ។

ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដែលបានទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ និងសាងសង់អាកាសយានដ្ឋានអន្តរជាតិ ដែលបច្ចុប្បន្នមានឈ្មោះជាផ្លូវការថា អាកាសយានដ្ឋានអន្តរជាតិតេជោ Techo International Airport (TIA) ដែលប្រសិទ្ធនាមដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ការវិនិយោគសាងសង់ TIA (ដំណាក់កាលទី១) មានចំនួន ២,៣០០ លានដុល្លារអាម៉េរិកដោយរួមបញ្ចូលចំណាយសាងសង់ស្ថានីយអ្នកដំណើរ ស្ថានីយអ្នកដំណើរពិសេស (VVIP Terminal) ទីលានចុះចតយន្តហោះ អគារ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ប្រតិបត្តិការអាកាសយានដ្ឋាន រួមមានផ្លូវ ស្ពានអាកាស ឃ្លាំងទំនិញ ចំណាយហិរញ្ញប្បទាន និងចំណាយសម្រាប់ការផ្ទេរប្រតិបត្តិការពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មក TIA។
ទុនវិនិយោគ គឺប្រើដើមទុនផ្ទាល់របស់ក្រុមហ៊ុន OCIC និងការចូលរួមទុនតាមរយៈមូលបត្របំណុល ពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក។
អាកាសយានដ្ឋានអន្តរជាតិស្តង់ដារកម្រិត4Fនេះ ត្រូវបានគ្រប់គ្រង និងសាងសង់ទាំងមូលដោយក្រុមហ៊ុន OCIC និងក្រុមហ៊ុន CAIC។
គម្រោងនេះ ក៏មានការចូលរួមពីក្រុមហ៊ុនអន្តរជាតិល្បីៗជាច្រើនដូចជា ក្រុមហ៊ុន Foster + Partners ជាស្ថាបត្យករនៃស្ថានីយ៍អ្នកដំណើរ ក្រុមហ៊ុនកាណាដា ATKINS ដែលជា Consultant រៀបចំផែនការដើម ក្រុមហ៊ុនកូរ៉េខាងត្បូង Heerim Architects & Planners ដែលជា Consultant រៀបចំគម្រោងនៅពេលសាងសង់ ក្រុមហ៊ុនហូឡង់ NACO ជាអ្នករៀបចំផែនការមេ (Master Planer) ក្រុមហ៊ុនសិង្ហបុរី Changi ដែលជាអ្នកប្រឹក្សាលើផែនការអាជីវកម្ម ការរៀបចំទទួលវិញ្ញាបនបត្រអាកាសចរ និង ការងារត្រៀមប្រតិបត្តិការ និងផ្ទេរពីព្រលានចាស់មកព្រលានថ្មី(ORAT,Operational Readiness and Airport Transfer) ។ ក្រុមហ៊ុន 中建三局(China State Construction Third Engineering Bureau Co., Ltd.) ដែលមកពីប្រទេសចិនជាក្រុមហ៊ុនម៉ៅការសាងសង់ស្ថានីយអ្នកដំណើរ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់រួមមានបីដំណាក់កាល ដោយដំណាក់កាលទី១មានសមត្ថភាពអាចទទួលអ្នកដំណើរបាន១៣លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២អាចទទួលអ្នកដំណើរបាន ៣០លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣អាចទទួលអ្នកដំណើរបាន ៥០លាននាក់ក្នុងមួយឆ្នាំ។
គោលដៅរួមរបស់ក្រុមហ៊ុន CAIC និងប្រតិបត្តិករអាកាសយានដ្ឋាន Société Concessionnaire de l’Aéroport (SCA) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ VINCI Airports គឺធ្វើយ៉ាងណាបង្កើនចំនួនអ្នកដំណើរនៅ TIA ពី៥.៣លាននាក់ ក្នុងឆ្នាំ២០២៥ ដល់ ១០លាននាក់ នៅឆ្នាំ២០៣០។ គោលដៅមួយនេះ អាចសម្រេចទៅបានដោយការបង្កើនសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ និងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ បន្ថែមទៀត ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA)។
ផ្អែកតាមកម្មវិធីការងារបានចំណាយពេលសាងសង់ចំនួនជាង ៥ឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៥៕
ដោយ៖ គង់ សិរីរ័ត្ន





