កម្លាំងនគរបាលក្រុង-ស្រុកខេត្តបន្ទាយមានជ័យ បន្តផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» យ៉ាងសកម្ម
AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ -- អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវផែនការយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងអធិការដ្ឋាននគរបាលតាមបណ្តាក្រុង-ស្រុក ឱ្យពង្រឹងការចុះផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន និងធានាសុខសាន្តជូនប្រជាពលរដ្ឋ។

ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងសន្តិសុខព្រំដែន លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយចំនួនទៅកាន់កម្លាំងនគរបាលទូទាំងខេត្តដូចជា ពង្រឹងការងារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សង្គម និងសន្តិសុខព្រំដែន ឱ្យបានខ្ជាប់ខ្ជួន។ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសសេវារដ្ឋបាល ឱ្យបានល្អប្រសើរ និងទាន់ពេលវេលា។ ពង្រឹងការយាមល្បាត ប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង នៅតាមគោលដៅសំខាន់ៗ។ បន្តស្រាវជ្រាវ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន និង ក្មេងទំនើង ដែលជាបញ្ហាអាទិភាព។ ត្រៀមកម្លាំងសម្រាប់ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីកើតមានគ្រោះមហន្តរាយនានា ដូចជា អគ្គិភ័យ ឬគ្រោះធម្មជាតិជាយថាហេតុ។

ជាលទ្ធផល ក្រោមការដឹកនាំនេះ កម្លាំងនគរបាលផែនជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានពង្រឹងសកម្មភាពសំខាន់ៗ៖ ពង្រឹងការយាមល្បាត និងត្រួតពិនិត្យពេលរាត្រី ដើម្បីទប់ស្កាត់ និងឆែកឆេរអាវុធគ្រឿងផ្ទុះ។ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកដំណើរ ដោយទប់ស្កាត់អ្នកបើកបរមានជាតិស្រវឹង (ជាតិអាល់កុលលើសកម្រិត)។ អប់រំ និងទប់ស្កាត់រាល់ម៉ូតូស៊ីម៉ាំងកែច្នៃខុសបច្ចេកទេស ដើម្បីរក្សាសណ្តាប់ធ្នាប់ និងកាត់បន្ថយគ្រោះថ្នាក់។ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន និងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមរាយការណ៍ពីទីតាំងលក់ដូរ និងចែកចាយ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់ថា «កម្លាំងនគរបាលទូទាំងខេត្តត្រូវតែបន្តយកចិត្តទុកដាក់ និងអនុវត្តបទបញ្ជាខាងលើនេះយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីធានាបាននូវភាពសុខសាន្ត និងសុវត្ថិភាពកាន់តែប្រសើរ ជូនដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ»។ ការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» គឺជាការងាររួម ដែលទាមទារនូវកម្លាំងសរុប វិធានការសរុប និងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប៕
ដោយ ឈុន សារ៉ាត





