កិច្ចប្រជុំពិភាក្សាបច្ចេកទេសគម្រោងកែលម្អស្តង់ដារអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវក្នុងខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ -- ឯកឧត្តម ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.ស.អ.ស.ក និងលោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំពិភាក្សាបច្ចេកទេសស្តីពីគម្រោងកែលម្អស្តង់ដារអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវក្នុងខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធនៅសាលប្រជុំប្រាសាទយាយព័ន្ធ (អគារC)។

គម្រោងនេះមានគោលបំណងកែលម្អគុណភាពម្ហូបអាហារតាមដងផ្លូវនៅក្នុងខេត្តកំពង់ធំដោយផ្តោតលើការកែលម្អសុវត្ថិភាពនិងអនាម័យអាហារ ជំរុញការអភិវឌ្ឍអាជីវកម្មម្ហូបអាហារតាមដងផ្លូវនិងបង្កើតគម្រោងគំរូសម្រាប់អាជីវកម្មម្ហូបអាហារតាមដងផ្លូវនៃខេត្តកំពង់ធំ។គម្រោងនេះសំដៅបង្កើនភាពទាក់ទាញដល់ទេសចរណ៍ជាតិនិងអន្តរជាតិឱ្យមកទស្សនាកម្សាន្តនិងរីករាយនូវភាពសម្បូរបែបនៃវប្បធម៌ម្ហូបអាហារតាមដងផ្លូវក្នុងខេត្តកំពង់ធំ។

គម្រោងកែលម្អគុណភាពម្ហូបអាហារតាមដងផ្លូវនៅខេត្តកំពង់ធំ គឺជាគម្រោងដែលទទួលបានការគាំទ្រពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បន្ទាប់ពីមានការស្នើសុំពីរដ្ឋបាលខេត្តកំពង់ធំ។ គម្រោងនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលជាកម្មវិធីទី៤ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦របស់រាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចបានផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព បង្កើនភាពធន់និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ ជាពិសេសសម្រាប់មុខរបររបស់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

ដោយ ស៊ុម វណ្ណា





