គ្រួសាររងគ្រោះដោយទឹកជំនន់សរុប៣៣គ្រួសារទទួលបានអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ -- ឯកឧត្តម គុជ លីណា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់សរុប៣៣គ្រួសារ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកអ្នកណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា»។

ឯកឧត្តមសម្ដែងការសោកស្ដាយចំពោះការជន់លិចទីលំនៅ និងបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានក្នុងការរាយការណ៍មកសាខា ដើម្បីឆ្លើយតបភ្លាមៗទាន់ពេល ដែលនេះពិតជាបានជួយសម្រាលទុកលំបាករបស់ប្រជាជនបានមួយកម្រិត និងបានស្នើដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប ពិនិត្យ និងជួសជុលបន្ទប់ទឹកអនាម័យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជនដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាពនេះផងដែរ។

សម្ភារក្នុង១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម ទឹកត្រី១យួរ មី១កេស អំបិល១គីឡូក្រាម ត្រីខ១យួរ សារុង១ ភួយ១ ក្រមា១ មុង១ ធុងទឹក១ និងថវិកាចំនួន៤ម៉ឺនរៀល៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





