មជ្ឈមណ្ឌល ACCB ៖ កូនត្រយងយក្សពីរក្បាលបាក់សំបុកធ្លាក់ រងរបួសបាក់ស្លាប
AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ -- ប្រភពពីមជ្ឈមណ្ឌល ACCB បានឱ្យដឹងនៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ថា នាពេលថ្មីៗនេះ អង្គការដៃគូអភិរក្សរបស់ពួកយើង គឺអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា WCS បានទាក់ទងមកថាមានខ្យល់កន្ត្រាក់បោកបក់ខ្លាំង ធ្វើឱ្យប៉ើងសំបុកសត្វត្រយងយក្សធ្លាក់ បណ្តាលឱ្យកូនសត្វមួយក្បាលធ្លាក់មកដី និងរងរបួសបាក់ស្លាប។

ប្រភពដដែលបានបញ្ជាក់ទៀតថា ជាសំណាងល្អ កូនមួយក្បាលទៀត ដែលជិតដល់វ័យចេះហើរហើយ នៅជាប់នឹងដើមឈើដោយសុវត្ថិភាព និងមិនមានគ្រោះថ្នាក់អ្វីឡើយ។ ដោយមានជំនួយពីសមាជិកសហគមន៍មូលដ្ឋាន ដែលតែងតែតាមដានចំនួនប្រជាសាស្ត្រ និងសំបុករបស់សត្វត្រយងយក្ស ដែលជាបក្សីជាតិរបស់ប្រទេសកម្ពុជា និងជាប្រភេទរងគ្រោះជិតផុតពូជបំផុតទាំងនេះ ទើបវាអាចរស់រានមានជីវិតទៅបាន។ ក្រុមការងាររបស់មជ្ឈមណ្ឌល ACCB បានសម្របសម្រួលជាមួយនឹងក្រុមការងារដែលនៅកន្លែងទីតាំងសត្វផ្ទាល់ ដើម្បីផ្តល់ជាអនុសាសន៍ក្នុងការថែទាំបណ្តោះអាសន្ន ហើយធានាឱ្យបាននូវកូនសត្វបក្សីនេះត្រូវបានរក្សាទុកដោយសុវត្ថិភាព រហូតទាល់តែពួកយើងអាចទៅដល់កន្លែងទីតាំងសង្គ្រោះផ្ទាល់នៅក្នុងខេត្តព្រះវិហារ។ ការព្យាបាលបន្ទាន់ត្រូវបានផ្តល់ជាចាំបាច់បំផុត មុននឹងដឹកជញ្ជូនសត្វត្រយងនេះទៅកាន់មជ្ឈមណ្ឌលអភិរក្សរបស់ពួកយើង ក្នុងការទទួលការព្យាបាល និងបន្តការថែទាំបន្ថែមទៀត។ កូនសត្វនេះបានរងរបួសបាក់ស្លាប ហើយខណៈពេលដែលធ្វើកោសល្លវិច័យទៅលើវា យើងមិនរំពឹងទុកថាជាសះស្បើយឡើយ ប៉ុន្តែយើងក៏មិនអស់សង្ឃឹមនោះដែរ នៅតែខិតខំព្យាបាលនិងថែទាំដោយប្រុងប្រយ័ត្នបំផុត ដោយសារស្ដានភាពធ្ងន់ធ្ងរនៃរបួសរបស់វា។ កូនសត្វនេះទំនងជាអាចហើររួច តែវាប្រហែលជាមិនអាចហើរបានដោយល្អនោះទេ ហើយឥឡូវនេះវាកំពុងតែមានការវិវឌ្ឍន៍ និងចាប់ផ្តើមជាសះស្បើយបណ្តើរៗហើយ។

ជាមួយនឹងការស្រាវជ្រាវកាលពីឆ្នាំ២០១៨ បានរកឃើញសត្វត្រយងយក្សនេះមានត្រឹមតែ ២៩០ ក្បាលប៉ុណ្ណោះដែលនៅសេសសល់ក្នុងព្រៃធម្មជាតិ កូនសត្វនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរស់រានមានជីវិតសម្រាប់ប្រភេទរបស់ពួកវា។ នៅពេលដែលស្លាបរបស់វាជាសះស្បើយហើយ យើងបន្តថែទាំវាទុកនៅជាមួយពួកយើងក្នុងមជ្ឈមណ្ឌល ជាផ្នែកមួយនៃកម្មវិធីបង្កាត់ពូជមុនដំបូងគេអង្អស់របស់ពិភពលោក ដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនចំនួនប្រជាសាស្ត្រនៅក្នុងព្រៃធម្មជាតិឡើងវិញ។

មជ្ឈមណ្ឌល ACCB សូមថ្លែងអំណរគុណដល់អង្គការដៃគូ និងម្ចាស់ជំនួយរបស់ពួកយើង រួមមានមន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS Cambodia) ព្រមទាំងអង្គការ Welttierschutzgesellschaft e.V (WTG) បើគ្មានវត្តមានពួកគាត់ទេនោះ បេសកកម្មការសង្គ្រោះនេះនឹងមិនអាចដំណើរការទៅបានឡើយ៕
ដោយ ណយ នឿន (ប្រភព៖ ACCB)





