ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យមន្ដ្រីបក្សខណ្ឌ សង្កាត់ ចុះអប់រំពលរដ្ឋនៅមូលដ្ឋានខ្លួនកុំចោលសំរាម ធ្វើឱ្យស្ទះលូប្រឡាយ លិចពេលមានភ្លៀងម្ដងៗ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ -- ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រីបក្សមូលដ្ឋានទាំងអស់ ខិតខំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរ ដើម្បីធ្វើយ៉ាងណានៅសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យនេះមិនឱ្យមានការលិចលង់ជំនន់ទឹកភ្លៀង តាមរយៈការមិនបោះសំរាម ចូលក្នុងលូ និងប្រឡាយទឹក។ ឯកឧត្ដមបានណែនាំបែបនេះក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ។

ឯកឧត្ដមបានបញ្ជាក់ថា មន្ត្រីបក្សនៅមូលដ្ឋានត្រូវបន្តធ្វើការងារបម្រើសេវាសាធារណៈ និងផ្ដល់សេវាសាធារណៈ ឱ្យលឿនឱ្យល្អ ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធប្រឡាយ លូ ផ្លូវ ភ្លើងជូនប្រជាពលរដ្ឋឱ្យបានល្អ, ហើយណែនាំឱ្យប្រជាពលរដ្ឋ ទុកដាក់សំរាមនិងសំណល់រឹងឱ្យបានល្អ។ មន្ត្រីបក្សត្រូវតាមដានស្ដាប់ឱ្យបាននូវឧបាយកលរបស់គណបក្សដទៃ។ ត្រូវធ្វើកិច្ចការគ្រប់បែបយ៉ាងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អឱ្យគាត់ពេញចិត្តពេញថ្លើមបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើងថែមទៀតហើយឈានទៅទទួលជ័យជម្នះក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខនេះបន្តទៀត។ យើងត្រូវបន្តរួមគ្នា ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសជាតិជារៀងរហូត និងសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលនេះជាបំណងប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយយើងនឹងទៅដល់ចំណុចនោះដោយយើងមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ យើងពិតជាមានមោទនភាព ដែលកម្ពុជាមានថ្នាក់ដឹកនាំដ៏ឆ្នើមនោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជា ជនកម្ពុជា និងសម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ដែលបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់មួយមីលីម៉ែត្រឡើយ។ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ទៀតថា៖សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើបងប្អូនប្រជាពលរដ្ឋយើងស្រឡាញ់ជាតិ «កុំប្រើប្រាស់លុយបាត និងទំនិញរបស់ថៃ»។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ការស្នើសុំបញ្ហាកង្វះខាតផ្សេងៗទៀត មន្ត្រីបក្សមូលដ្ឋានទាំងអស់ អាចរាយការណ៍ស្នើសុំមករដ្ឋបាលខណ្ឌនិងរដ្ឋបាលរាជធានីភ្នំពេញភ្លាម តាមរយៈប្រព័ន្ធបច្ចេកវិទ្យា តេឡេក្រាម បានវាលឿនកុំចាំបាច់ដល់មានវេទិកា ការសំណេះសំណាល ឬកិច្ចប្រជុំផ្សេងៗទើបស្នើសុំនោះ។ជាមួយគ្នានោះឯកឧត្ដមឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរចំពោះមន្ត្រីគណបក្សខណ្ឌ សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យដែលបានរួមចំណែក ធ្វើឱ្យគ្រប់នៃការបោះឆ្នោតទទួលជ័យជម្នះរហូតមក។

ក្នុងឱកាសនោះ ទាំងចៅសង្កាត់ និងមេភូមិនីមួយៗ នៅសង្កាត់ចោមចៅទី១ និងចោមចៅទី២ក៏បានលើកឡើងពីសមិទ្ធផលរបស់បក្សដែលសម្រេចបាន និងបានលើកឡើងពីផែនការសកម្មភាពដែលបាន និងកំពុងអនុវត្តដូចជាការខិតខំកសាងសមាជិកបក្ស ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕
ដោយ សួស សំរិត





