កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា និងសម្ភារមួយចំនួនជួយសម្រាលក្នុងការព្យាបាលប្រពន្ធ និងកូនរបស់វីរយុទ្ធជនជួរមុខកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ -- នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងសហការី អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ រួមមាន ថវិកា និងសម្ភារមួយចំនួន ជួយសម្រាលក្នុងការព្យាបាលប្រពន្ធ និងកូនរបស់វីរយុទ្ធជនមួយរូបឈរជើងនៅជួរមុខដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការបាននាំយកប្រសាសន៍ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំសួរសុខទុក្ខដោយក្តីអាណិតអាសូរជាពន់ពេកចំពោះវីរយុទ្ធជនដែលខ្លួនកំពុងព្យាបាលជំងឺខ្លួនឯងផង ថែមទាំងពេលនេះកូន និងប្រពន្ធកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទៀត និងសូមជូនពរឱ្យវីរយុទ្ធជន ព្រមទាំងក្រុមគ្រួសារឆាប់ជាសះស្បើយឡើងវិញ។

សូមជម្រាបជូនថា វីរយុទ្ធជនរូបនេះកំពុងសម្រាកព្យាបាលខ្លួនពីជំងឺខណៈពេលកំពុងឈរជើងនៅជួរមុខប្រាសាទតាក្របី។ ហើយដោយឡែកប្រពន្ធទើបវះកាត់ និងសម្រាលកូនអាយុបាន១ថ្ងៃ ដែលមានជំងឺដក់ទឹកក្នុងថង់សួត និងកង្វះអុកស៊ីសែនខួរក្បាលកម្រិតធ្ងន់ធ្ងរ ហើយពេលនេះទារកកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ។ ចំណែកប្រពន្ធមានមុខរបរជាកម្មការិនីរោងចក្រដែលទើបវះកាត់រួចកំពុងសម្រាកព្យាបាលនៅពេទ្យព្រះកេតុមាលា៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





