ក្រុមការងាររាជរដ្ឋាភិបាលនៅសង្កាត់ទឹកថ្លាយកចិត្តទុកដាក់ជំរុញអភិវឌ្ឍមូលដ្ឋាន និងដោះស្រាយសំណូមពរប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ -- វេទិកាក្រុមការងាររាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយគោលនយោបាយ និងពិនិត្យសំណើ សំណូមពរ ក៏ដូចជាបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នេះនៅបរិវេណវត្តភ្នំបាក់ក្រោម ក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លាក្រោមវត្តមាន លោក អ៊ុង ស៊ីផាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងវេទិកាដ៏សំខាន់នេះក៏មានការអញ្ជើញចូលរួមពីលោក ជាម សុខ អនុប្រធាន និងលោកស្រី ហ៊ាង គឹមស៊ាង អនុប្រធានក្រុមការងារ រួមជាមួយលោក លោកស្រីជាក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ ក្រុមការងារក្រុង សង្កាត់ ភូមិ ស.ស.យ.ក ក្រុង និងជាពិសេសគឺបងប្អូនប្រជាពលរដ្ឋមកពីទាំង ៦ភូមិ ក្នុងសង្កាត់ទឹកថ្លាជាច្រើននាក់។

ក្នុងឱកាសនោះ លោក អ៊ុង ស៊ីផាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទឹកថ្លា បានគូសបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ការខិតខំប្រឹងប្រែងនេះគឺសំដៅរួមចំណែក កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាលំដាប់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

លោកប្រធានក្រុមការងារបានបន្ថែមថា វេទិកានេះគឺជាយន្តការមួយដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំក្រុមការងារមូលដ្ឋានចុះមក ស្តាប់ដោយផ្ទាល់ ពីបញ្ហាពិតប្រាកដដែលប្រជាពលរដ្ឋកំពុងជួបប្រទះ និង ធានាការដោះស្រាយរាល់សំណូមពរ ដែលត្រូវបានលើកឡើងនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងភាពទាន់ពេលវេលា។

តាមរយៈការជួបសំណេះសំណាល និងការបើកឱកាសឱ្យប្រជាពលរដ្ឋលើកឡើងនូវសំណូមពរនានា ក្នុងវេទិកានេះ គឺដើម្បីអភិវឌ្ឍមូលដ្ឋានរបស់ពួកគាត់ឱ្យកាន់តែរីកចម្រើន។ ប្រជាពលរដ្ឋទាំង ៦ភូមិ ក្នុងសង្កាត់ទឹកថ្លា បានស្នើសុំឱ្យក្រុមការងារជួយអន្តរាគមន៍លើចំណុចអាទិភាពសំខាន់ៗមួយចំនួន រួមមាន៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងលូបង្ហូរទឹកស្នើសុំឱ្យជួសជុល និងចាក់បំពេញផ្លូវលំមួយចំនួនដែលខូចខាតខ្លាំង ព្រមទាំងរៀបចំប្រព័ន្ធលូបង្ហូរទឹកឱ្យបានសមរម្យដើម្បីទប់ទល់នឹងបញ្ហាទឹកជំនន់នៅរដូវវស្សា និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ការពង្រីក និងបង្កើនគុណភាពសេវាសាធារណៈសំណូមពរពាក់ព័ន្ធនឹងការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលនៅសាលាសង្កាត់ និងការពិនិត្យមើលទៅលើការផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីឲ្យមានភាពទៀងទាត់ និងគ្រប់គ្រាន់។ ការអភិវឌ្ឍវិស័យសុខាភិបាល និងអប់រំ សំណូមពរឲ្យពង្រឹងគុណភាពសេវាសុខាភិបាលនៅតាមប៉ុស្តិ៍សុខភាពមូលដ្ឋាន និងជួយសម្រួលដល់ការសាងសង់ ឬជួសជុលខ្លោងទ្វារ និងរបងសាលារៀនមួយចំនួនក្នុងសង្កាត់។
ឆ្លើយតបនឹងសំណូមពរទាំងនេះ លោក អ៊ុង ស៊ីផាន បានណែនាំដល់ក្រុមការងារមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធឱ្យចាត់វិធានការ សិក្សាលទ្ធភាព និងដោះស្រាយជាបន្ទាន់ ចំពោះបញ្ហាដែលអាចធ្វើបាន ដោយឈរលើគោលការណ៍តម្លាភាព និងគណនេយ្យភាព ដើម្បីធានាថាផលប្រយោជន៍របស់ប្រជាពលរដ្ឋត្រូវបានយកចិត្តទុកដាក់ និងដោះស្រាយបានទាន់ពេល៕
ដោយ ឈុន សារ៉ាត





