សមត្ថកិច្ចខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ -- គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ខែតុលា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យរដ្ឋបាល នៅទីតាំងអគារ LH RESIDENCE អគារលេខ១៣ ផ្លូវលេខ៩ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន ។

ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន១៤នាក់ ក្នុងនោះមានស្ត្រី ៣នាក់ និងបុរសជនជាតិឥណ្ឌូណេស៊ី៣នាក់ ហើយបានដកហូតកុំព្យូទ័រ (ALL in One) ចំនួន ១០៩ គ្រឿង ម៉ូនីទ័រ ចំនួន ០១ គ្រឿង និងទូរស័ព្ទ ចំនួន ១០៣ គ្រឿង។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញ រកឃើញថា អគារនេះ គឺជាទីតាំងឆបោកក្រោមរូបភាពបែបវិនិយោគ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam និងឆបោកស្នេហា ទៅកាន់ប្រទេសផ្សេងៗ។

ចំពោះជនសង្ស័យ និងវត្ថុតាង បច្ចុប្បន្នត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាល ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេស នឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕










ដោយ៖ ប៊ុនរិទ្ធ





