ជំនួបរវាងប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអនុរដ្ឋមន្ត្រីទី២ ក្រសួងការបរទេសកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ -- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ គីម ជីណា អនុរដ្ឋមន្ត្រីទី២ ក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារ ដោយភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់ប្រកបដោយការស្ថាបនាត្រង់ទៅត្រង់មកជាមួយគ្នាក្នុងស្មារតីសហប្រតិបត្តិការខ្ពស់ ព្រមទាំងបានឯកភាពលើចំណុចសំខាន់ៗចំនួន៣ ដើម្បីផ្ដល់ថាមពលបន្ថែមដល់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។

ចំពោះចំណុចសំខាន់ៗទាំង៣ ដែលភាគីទាំងពីរបានឯកភាពគ្នាគឺ៖ ទី១.ក្រសួងមហាផ្ទៃកម្ពុជា និងភាគីកូរ៉េនឹងបង្កើតក្រុមការងារ Task Force ដូចដែលកម្ពុជាធ្លាប់ធ្វើជាមួយបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីជំរុញសន្ទុះការងារឱ្យកាន់តែប្រកបដោយប្រសិទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ក្នុងយន្តការនេះលោកជំទាវ គីម ជីណា បានសន្យាថាភាគី កូរ៉េនឹងផ្ដល់ការគាំទ្រលើការងារបណ្ដុះបណ្ដាល បំប៉នសមត្ថភាព ចែករំលែកព័ត៌មាន និងផ្លាស់ប្ដូរបទពិសោធជាមួយមន្រ្តីជំនាញ នៃក្រសួងមហាផ្ទៃកម្ពុជា។ ទី២. ភាគីកូរ៉េនឹងរៀបចំផ្ដល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជន រួមទាំងជនបរទេសជាមេខ្លោងនៃអំពើឆបោកតាមប្រព័ន្ធអនឡាញជូនក្រសួងមហាផ្ទៃកម្ពុជា ដើម្បីកម្ពុជាពិនិត្យទិដ្ឋភាពច្បាប់ដាក់ក្នុងបញ្ជីខ្មៅហាមប្រាមចូលប្រទេស ដែលត្រង់ចំណុចនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកការផ្ដល់ជូននេះថាជាស្នូលសំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ ដោយខាងកម្ពុជានឹងរៀបចំបញ្ជីឈ្មោះឧក្រិដ្ឋជនទាំងនោះដាក់ក្នុងបញ្ជីខ្មៅហាមឃាត់មិនឱ្យចូលដែនដីកម្ពុជា និងបញ្ជាឱ្យសមត្ថកិច្ចប្រុងប្រយ័ត្ន និងឃាត់ខ្លួនភ្លាមៗនៅតាមបណ្ដាច្រកទ្វារព្រំដែន។ ទី៣. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ គីម ជីណា បានឯកភាពគ្នាក្នុងការបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំដល់ពលរដ្ឋរៀងៗខ្លួនបន្ថែមទៀតអំពីគ្រោះថ្នាក់នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងជំរុញឱ្យបណ្ដាប្រទេសផ្សេងទៀត រួមគ្នាធ្វើការ ងារនេះឱ្យបានសកម្ម និងគ្មានទីបញ្ចប់។

ក្នុងជំនួបនាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកទស្សនកិច្ចរបស់លោកជំទាវ គីម ជីណា និងសហការីនៅព្រះរាជាណាចក្រកម្ពុជាថាជាសកម្មភាពគំរូ និងឆ្លុះបញ្ចាំងពីភាពប្រាកដនិយមក្នុងកិច្ចសហការប្រតិបត្តិការដោះស្រាយបញ្ហារួម ពីព្រោះជាក់ស្ដែងណាស់ការខិតខំដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធអនឡាញនេះមិនមែនតែសម្រាប់ប្រជាជនកូរ៉េ ឬប្រជាជនកម្ពុជានោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជាតិលើពិភពលោកទាំងមូលផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់ថា កម្ពុជាបានអនុវត្តច្បាប់លើករណីឆបោកតាមប្រព័ន្ធអនឡាញដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ (ភាគច្រើនជាជនបរទេស) បញ្ជូនទៅតុលាការផ្ដន្ទាទោស អនុវត្តនីតិវិធីបណ្ដេញ និងបញ្ជូនចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មានអំពីខ្សែបណ្ដាញមេខ្លោង និងប្រតិបត្តិការសម្អាតប្រាក់ទៅកាន់ប្រទេសក្នុង និងក្រៅតំបន់ជាច្រើនករណី។ ប៉ុន្តែជាប្រការគួរឱ្យសោកស្ដាយលទ្ធផលនេះត្រូវប្រទេស និងអង្គការអន្តរជាតិខ្លះផាត់ចោល ហើយបែរជាព្យាយាមលាបពណ៌ដាក់បន្ទុកទាំងធាតុពិតប្រភពនៃបញ្ហាមានភាពប្រទាក់ក្រឡាជាមួយសមត្ថកិច្ចពួកគេដែរ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិតសង្ឃឹមថាលោកជំទាវអនុរដ្ឋមន្រ្តីទី២ ក្រសួងការបរទេសកូរ៉េនឹងចូលរួមផ្ដល់ព័ត៌មានពិតទៅកាន់ថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន និងប្រជាជនកូរ៉េអំពីស្ថានភាពជារួមនៅកម្ពុជាដែលលោកជំទាវ និងសហការីបានឃើញ បានស្វែងយល់ និងបានទទួលព័ត៌មានពីដំណើរទស្សនកិច្ចនេះ។

បើតាមការបញ្ជាក់របស់លោកជំទាវ គីម ជីណា ថា ជាការពិតឧក្រិដ្ឋជននៃអំពើឆបោកតាមប្រព័ន្ធអនឡាញនេះគឺវាមានខ្សែបណ្ដាញធ្វើសកម្មភាពទូលំទូលាយចេញពីគ្រប់ទីកន្លែង និងបណ្ដាលឱ្យមានជនរងគ្រោះស្ទើរគ្រប់ប្រទេស ដែលទាមទារជាចាំបាច់នូវកិច្ចសហប្រតិបត្តិការដោះស្រាយទ្វេភាគី ឬជា
សកល។
ជាការកត់សម្គាល់លោកជំទាវបានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពីការចាប់អារម្មណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលចំពោះទិដ្ឋភាពប្រទេសកម្ពុជាដែលលោកជំទាវទើបបានមកឃើញផ្ទាល់ភ្នែកជាលើកដំបូង ដោយពោលសរសើរក្នុងន័យដើមថា «កម្ពុជា ជាប្រទេសដ៏ស្រស់ស្អាត និងមានវប្បធម៌ដ៏ជ្រាលជ្រៅ»។ លោកជំទាវថែមទាំងបានបញ្ជាក់ពីគម្រោងនាំក្រុមគ្រួសារមកទស្សនាប្រទេសកម្ពុជាដោយក្ដីរីករាយ ជាលក្ខណៈឯកជននាពេលខាងមុខផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





