ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើបាឋកថាស្ដីពី «ទ្រឹស្ដីមូលដ្ឋានសេដ្ឋកិច្ច និង សភាពការណ៍សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន»នៅសាកលវិទ្យាល័យការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានអញ្ជើញធ្វើបាឋកថាស្ដីពី «ទ្រឹស្ដីមូលដ្ឋានសេដ្ឋកិច្ច និង សភាពការណ៍សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន» ជូនថ្នាក់ដឹកនាំ នាយទាហាន សាស្ត្រាចារ្យ យោធាចារ្យ បុគ្គលិកសិក្សា និង សិក្ខាកាមយោធិននៃសាកលវិទ្យាល័យការពារជាតិ ប្រមាណ៥៤០រូប នាព្រឹកថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២៥ នៅសាកលវិទ្យាល័យការពារជាតិ។ កម្មវិធីបាឋកថានេះត្រូវបានសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ។
តាមរយៈកម្មវិធីបាឋកថានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានចែករំលែកអំពី ដំណើរវិវត្តនៃសង្គម និងសេដ្ឋកិច្ច ដែលត្រូវបានបង្កើតឡើងទៅតាមសម័យកាលនៃប្រវតិ្តសាស្រ្តមនុស្សជាតិ ដោយចាប់ផ្តើមពីការកកើតសង្គមមនុស្ស និងសកម្មភាពសេដ្ឋកិច្ច រហូតអភិវឌ្ឍបានមកជា គោលគំនិត ទស្សនៈ ទ្រឹស្តីគំរូ ទ្រឹស្តីសេដ្ឋកិច្ច និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលកំពុងបន្តវិវឌ្ឍ រហូតមកដល់សព្វថ្ងៃ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសរំលេចអំពីតួនាទីរដ្ឋ និងសេដ្ឋកិច្ច ប្រព័ន្ធសេដ្ឋកិច្ចសំខាន់ៗ ទំនាក់ទំនងរវាងរដ្ឋ និងការអនុវត្តប្រព័ន្ធសេដ្ឋកិច្ច និងដំណើរវិវត្តនៃប្រព័ន្ធសេដ្ឋកិច្ចនីមួយៗ ដែលតែងតែផ្សារភ្ជាប់ជាមួយនឹងបរិបទសង្គម និងនិន្នាការនយោបាយនៅក្នុងតំបន់ និងនៅលើសកលលោក។ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានចែករំលែកផងដែរអំពីការវិវត្តនៃប្រព័ន្ធសេដ្ឋកិច្ច ដំណើរការសេដ្ឋកិច្ច និងសភាពការណ៍សេដ្ឋកិច្ចកម្ពុជាជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន ដោយបានឆ្លុះបញ្ចាំងនូវតួនាទី និងការចូលរួមចំណែកដ៏សំខាន់របស់រដ្ឋ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្ដែងឡើងតាមរយៈការការពារសន្តិភាព បូរណភាពទឹកដី អធិបតេយ្យជាតិ និង ការរស់នៅប្រកបដោយសុខសន្តិភាព ជូនប្រជាពលរដ្ឋ ដែលការណ៍នេះ គឺជាបុព្វលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។ លើសពីនោះ រដ្ឋ តាមរយៈកងកម្លាំងប្រដាប់អាវុធ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ដែលជាកត្តាមូលដ្ឋាន សម្រាប់ទាក់ទាញវិនិយោគ និង ជំរុញសកម្មភាពធុរកិច្ច ដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។


ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសរំលេចជូនអង្គពិធីអំពីសភាពការណ៍សកល និងសង្គម-សេដ្ឋកិច្ចជាតិ នាពេលបច្ចុប្បន្ន ជាពិសេស ភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់មកលើខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម រំហូរការងារ និងតម្រូវការលើផលិតផលប្រើប្រាស់ ព្រមទាំងរំហូរពាណិជ្ជកម្ម ទាំងការនាំចេញ និងការនាំចូល ជាពិសេស លើវត្ថុធាតុដើម សម្រាប់បម្រើដល់សកម្មភាពផលិតកម្មក្នុងស្រុក និងនិន្នាការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការនាំចូល ដែលជាបញ្ហាប្រឈមផង និងជាកាលានុវត្តភាពផង សម្រាប់កម្ពុជា ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីរក្សាវិនិយោគិនមានស្រាប់ និង ទាក់ទាញវិនិយោគិនថ្មី ជាមួយនឹងការបង្កើតបរិយាកាសវិនិយោគអំណោយផល។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកទឹកចិត្តដល់យោធាចារ្យ នាយទាហាន និង យោធិនសិក្ខាកាម ឱ្យបន្តសិក្សាស្រាវជ្រាវ បណ្ដុះទម្លាប់ស្រឡាញ់ការអាន និង បង្កើនការសិក្សាស្វែងយល់អំពី មូលដ្ឋានសេដ្ឋកិច្ច និង ការវិវត្តិថ្មីៗនៃសភាពការណ៍សេដ្ឋកិច្ចជាតិ និង អន្តរជាតិ សំដៅកសាង និង អភិវឌ្ឍសមត្ថភាព និង លើកកម្ពស់ចំណេះដឹង ជំនាញ និង ការយល់ដឹង ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពេញតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធភាព និង ចាប់យកកាលានុវត្តភាព សម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ក៏ដូចជា ការអភិវឌ្ឍសហគមន៍ និងសេដ្ឋកិច្ចគ្រួសារ។


សូមជម្រាបជូនថា កាលពីខែ ឧសភា ឆ្នាំ ២០២៥ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងស្ថាប័នបណ្តុះបណ្តាលទាំង២ ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃសមត្ថភាពក្នុងការបំពេញភារកិច្ច ក្នុងពេលចំពោះមុខ និងនាពេលអនាគត លើកកម្ពស់កិច្ចសហប្រតិបត្តិការ និង ការគាំទ្រគ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍសមត្ថភាព ការអប់រំ និង កិច្ចការស្រាវជ្រាវ របស់ស្ថាប័នបណ្តុះបណ្តាលទាំងពីរ ជាពិសេស ការកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ជូនមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុនៃអង្គភាពថវិការបស់ក្រសួងការពារជាតិ៕
ដោយ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច)





