ថៃបន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដោយប្រើរលកសំឡេងខ្ពស់បំផុត ក្រោយស្ងប់ស្ងាត់៣យប់
AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥-- បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល៣យប់ ភាគីថៃបានបន្តចាក់សំឡេងរំខានទៅលើប្រជាពលរដ្ឋនៅ ភូមិជោគជ័យ ក្នុងកម្រិតរលកសំឡេងខ្ពស់បំផុតជាថ្មីម្តងទៀត នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥។
នៅវេលាម៉ោង៥៖៣០ នាទីល្ងាចថ្ងៃដដែលនោះ បុគ្គលជ្រុលនិយមរបស់ថៃដែលត្រូវបានយោធាថៃ និងអាជ្ញាធរខេត្តស្រះកែវបើកដៃ បានប្រើប្រាស់រថយន្តចំនួន៤គ្រឿងផ្ទុកឧបករណ៍បំពងសំឡេង ដើម្បីបន្តសកម្មភាពរំខានដល់ពលរដ្ឋខ្មែរនៅភូមិជោគជ័យ ដែលជាទីតាំងដែលភាគីថៃបានរំលោភបំពានហ៊ុមព័ទ្ធបន្លាលួសយកដីចម្ការ ស្រែ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ។សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមរថយន្តទាំង ៤ គ្រឿងនោះ គេបានស្ទូចឧបករណ៍បំពងសំឡេងមួយចំនួនឡើងទៅលើកម្ពស់រហូតដល់៣០ម៉ែត្រ ខណៈឧបករណ៍បំពងសំឡេងចំនួន ៣ រថយន្តទៀតត្រូវបានដាក់នៅខាងក្រោម។ ឧបករណ៍បំពងសំឡេងដែលពួកគេបានចាក់នៅពេលនេះ ត្រូវបានបញ្ជាក់ថាមានកម្រិតរលកសំឡេងរហូតដល់រង្វង់ ៥០០ ដេស៊ីបែល (dB) ដែលជាកម្រិតខ្ពស់បំផុត ហើយអាចឮដល់ចម្ងាយប្រមាណ៣០គីឡូម៉ែត្រ។

ជាទូទៅ ត្រចៀករបស់មនុស្សអាចទ្រាំទ្រនឹងកម្រិតរលកសំឡេងរង្វង់១០០ដេស៊ីបែល ប៉ុណ្ណោះ។ កម្រិតសំឡេងដល់ទៅ ៥០០ ដេស៊ីបែល នេះ អាចបណ្តាលឱ្យមនុស្សបែកក្រដាសត្រចៀក ឈឺក្បាល វិលមុខ និងក្អួតចង្អោរ។ សកម្មភាពនេះត្រូវបានចាត់ទុកថាជា ការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ និងជាទម្រង់នៃការធ្វើទារុណកម្មស្មារតី ដែលអនុសញ្ញាអន្តរជាតិស្តីពីការធ្វើទារុណកម្មបានហាមឃាត់។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យមានចំនួនជាង៣ពាន់នាក់ ក្នុងនោះក៏មានដូចជា ចាស់ជរា អ្នកមានពិការភាព អ្នកមានជំងឺ ស្ត្រីសម្រាលកូន ស្ត្រីមានផ្ទៃពោះ និងក្មេងតូចៗ ផងដែរ។ រលកសំឡេងដ៏ខ្លាំងក្លានេះពិតជាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាពលរដ្ឋក្នុងភូមិទាំងមូល។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បុគ្គលជ្រុលនិយមរបស់ថៃក៏បានចាក់សំឡេងរំខានពលរដ្ឋនៅភូមិជោគជ័យ និងព្រៃចាន់រួចម្តងមកហើយ។ ប៉ុន្តែបន្ទាប់ពីមានប្រតិកម្មជាច្រើនពី គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ដូចជា អ្នកសិទ្ធិមនុស្ស សមាជិកព្រឹទ្ធសភា និងអ្នកនយោបាយថៃមួយចំនួន ពួកគេក៏បានផ្អាកសកម្មភាពនេះចំនួន៣យប់។
អ្នកតាមដានព្រឹត្តិការណ៍ព្រំដែនខ្មែរ-ថៃ បានអំពាវនាវជាបន្ទាន់ទៅដល់ ឧត្តមស្នងការអន្តរជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ឱ្យចាត់វិធានការបន្ទាន់បំផុត ដើម្បីបញ្ឈប់ទង្វើរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនេះ៕
ដោយ ឈុន សារ៉ាត





