ឯកឧត្តម សាយ សំអាល់ សំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ចំនួន៥៦នាក់
AKP ព្រះសីហនុ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥-- ពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ចំនួន៥៦នាក់ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៖ ២៨ សីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានរាយការណ៍ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំ បុគ្គលិកសិក្សានៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ ទាំងគ្រឹះស្ថានសាធារណៈ និងឯកជន បានខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេសក្នុងការបណ្ដុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ និងជាទំពាំងស្នងឬស្សីជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ពិសេសបានខិតខំបង្ហាត់បង្រៀនក្មួយៗ សិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលង ២៨សីហា ២០២៥ ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់គួរជាទីមោទកៈ។ សូមអរគុណចំពោះមាតាបិតា អាណាព្យាបាលតែងតែបានតស៊ូលះបង់គ្រប់យ៉ាងដោយមិនខ្លាចការនឿយហត់ ដើម្បីអនាគតរុងរឿងរបស់កូនចៅគ្រប់ៗរូប។ ខ្ញុំសូមអបអរសាទរចំពោះក្មួយៗទាំងអស់តែងតែប្រកាន់ខ្ជាប់នូវបីល្អ៖ កូនល្អ សិស្សល្អ មិត្តល្អ ដោយបានខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា ស្ដាប់លោកគ្រូ អ្នកគ្រូ ស្ដាប់ទាំងឪពុកម្ដាយនៅផ្ទះជួយមិត្តភក្តិទៅវិញទៅមក និងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសទទួលបាននិទ្ទេស «A»។ ហើយនៅពេលខាងមុខ សូមក្មួយៗបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រែក្លាយខ្លួនជាយុវជនបន្តវេនសម្រាប់ប្រទេសជាតិយើង។


ជាលទ្ធផល បេក្ខជនមកប្រឡងសរុបចំនួន ២ ២១១នាក់ ស្រី ១ ១៤៦នាក់ បានប្រឡងជាប់ជាស្ថាពរចំនួន ២ ០០៤នាក់ ស្មើនឹង ៩០,៦៤% ស្រី ១ ០៧៥នាក់ ស្មើនឹង ៩៣,៨% ក្នុងនោះ៖ បេក្ខជនជាប់និទ្ទេសA (៥៦នាក់ ស្រី២៦នាក់) បេក្ខជនជាប់និទ្ទេសB (១៦៩នាក់ ស្រី៩០នាក់) បេក្ខជនជាប់និទ្ទេសC (៥៣៩នាក់ ស្រី៣២៣នាក់) បេក្ខជនជាប់និទ្ទេសD (៧៦៨នាក់ ស្រី៤១២នាក់) និងបេក្ខជនជាប់និទ្ទេសE (៤៧២នាក់ ស្រី២២៤នាក់)។ បើប្រៀបធៀបជាមួយឆ្នាំ២០២៤ សិស្សនិទ្ទេស A កើនបានចំនួន ១១នាក់ ដោយឡែកនិទ្ទេស Eគឺមានការថយចុះ ដែលជាកត្តាបង្ហាញឱ្យឃើញគុណភាពវិស័យអប់រំនៅក្នុងខេត្តគឺមានការកើនឡើង។


ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A និងចូលរួមអបអរសាទរកូនៗដែលទទួលបាននិទ្ទេស A ជាពិសេសលោកគ្រូ អ្នកគ្រូដែលបានជួយ បណ្តុះបណ្តាលធនធានធ្វើឱ្យសិស្សរបស់យើងទទួលលទ្ធផលផ្លែផ្កា ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះជាភាពជោគជ័យក្នុងខ្សែជិវិតរបស់យើងក្នុងការបណ្តុះបណ្តាល ដូច្នេះយើងត្រូវមានការអំណត់ និងវិន័យល្អ ហើយចំពោះសិស្សបាននិទ្ទេស A មិនមែនបានមកពីការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូតែមួយមុខនោះទេ គឺបានមកពីគុណតម្លៃពីមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋចូលរួមក្នុងការទទួលខុសត្រូវធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព។ យើងមានឱកាសបានសិក្សារៀនសូត្រនាពេលនេះ ទន្ទឹមនោះវិស័យឯកជនក៏បាន និងកំពុងបន្តវិនិយោគនៅក្នុងខេត្តរបស់យើង យើងត្រូវដាក់ទិសដៅជំហានដើររួមគ្មាកែសម្រួលសាលារៀនឱ្យមានអនាម័យ បរិស្ថាន ប្រកបដោយសោភ័ណភាពនៅក្នុងសហគមខេត្តព្រះសីហនុ ដើម្បីបង្កើតការងារបន្ថែមទៀតនៅខេត្តព្រះសីហនុ ចំពោះការសម្រេចចិត្តរបស់មាតាបិតា និងអាណាព្យាបាល និងការតាំងចិត្តរបស់ក្មួយផសិស្សានុសិស្ស ទើបយើងទទួលបានជោគជ័យ ក៏ប៉ុន្តែជោគជ័យរបស់យើងត្រូវតែខិតខំបន្ថែមទៀតសម្រាប់ខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិ៕

ដោយ ងូ សុមុនី





