ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានឧបត្ថម្ភអំណោយជូនដល់វីរកងទ័ពជួរមុខនៅតំបន់អានសេះ និងមុំបី
AKP ព្រះវិហារ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥-- លោកជំទាវ ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្រ្តីខេត្តព្រះវិហារ រួមជាមួយលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងសប្បុរសជននានា រួមមានឱសថ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ទៅផ្ដល់ជូនវីរកងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់យុទ្ធសាស្ត្រចំណុចមុំបី និងអានសេះ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


លោកជំទាវ ខូយ ប៊ុនថាន និងលោកស្រី ហែម សុគុណពិសី បានគូសបញ្ជាក់ថា ដើម្បីបង្ហាញពីកាយវិកាការយកចិត្តទុកដាក់ខ្ពស់ និងការដឹងគុណចំពោះវីរភាពរបស់កងទ័ព ក្រុមការងារក៏បានរៀបចំ និងនាំយកនូវនំបញ្ចុក និងសម្លរការីដ៏ឈ្ងុយឆ្ងាញ់ជាពិសេស សម្រាប់ជូនដល់វីរកងទ័ព ដើម្បីជាការបន្ធូរបន្ថយការនឹករលឹកផ្ទះ និងចូលរួមចែករំលែកនូវភាពកក់ក្តៅ និងជួយលើកកម្លាំងចិត្តដល់ពួកគាត់ ដែលកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិ យ៉ាងស្វិតស្វាញ និងលះបង់នៅតាមបណ្ដោយព្រំដែន ពីសត្រូវរបស់ទាហានថៃឈ្លានពាន៕



ដោយ ទិត ស្រ៊





