ឯកឧត្តម ហេង រតនា៖ អង្គភាពស៊ីម៉ាក់រីករាយនឹងចែករំលែកបទពិសោធន៍ក្នុងវិស័យសកម្មភាពមីនជូនដល់ភាគីអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥-- នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) ដឹកនាំដោយលោក Reva Serhii ប្រធាននាយកដ្ឋានសកម្មភាពមីន SESU ដោយក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក HIJIKAWA Kento លេខាទី២ស្ថានទូតជប៉ុន និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជាផងដែរ។

ក្នុងជំនួបនេះ ឯកឧត្តម ហេង រតនា បានថ្លែងថាអង្គភាពស៊ីម៉ាក់រីករាយនឹងចែករំលែកបទពិសោធន៍ក្នុងវិស័យសកម្មភាពមីនជូនដល់បុគ្គលិកអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) ដើម្បីធ្វើប្រតិបត្តិការក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាមក្នុងគោលបំណងដើម្បីជួយដល់ជនស៊ីវិល។ បន្ថែមពីនេះ ឯកឧត្តមសង្ឃឹមថាប្រទេសអ៊ុយក្រែននឹងទទួលបានសន្តិភាពឆាប់ៗនៅពេលខាងមុខ ដែលជាគ្រឹះដ៏សំខាន់ក្នុងការស្តារ និងអភិវឌ្ឍប្រទេសឡើងវិញក្រោយសង្រ្គាមដោយឯកឧត្តមបានគូសបញ្ជាក់ថា សន្តិភាពមិនអាចកើតមានឡើងតាមរយៈការប្រើប្រាស់អាវុធ ឬកម្លាំងទេ ប៉ុន្តែសន្តិភាពត្រូវកើតឡើងដោយការយោគយល់ ការអត់ធ្មត់ និងការចរចារវាងគូជម្លោះទាំងកម្រិតទ្វេភាគី និងអន្តរជាតិ។


ក្នុងឱកាសនេះ លោក Reva Serhii បានជម្រាបជូនឯកឧត្តម ហេង រតនា ថាបច្ចុប្បន្ននេះនៅប្រទេសអ៊ុយក្រែនមានតំបន់ប្រហែល ១៧០,០០០ គីឡូម៉ែត្រក្រឡារងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាម និងបានថ្លែងអរគុណចំពោះរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ដែលគាំទ្រអ៊ុយក្រែនក្នុងការសហការជាមួយអង្គភាពស៊ីម៉ាក់ ដែលជាស្ថាប័នជាតិបោសសម្អាតមីនឈានមុខគេនៅកម្ពុជា និងមានកម្រិតជាអន្តរជាតិ ដែលបាន និងកំពុងផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមអ៊ុយក្រែន ដែលនឹងពាំនាំបទពិសោធន៍នេះទៅបម្រើក្នុងការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនដែលកំពុងញាំញីដោយសារសង្រ្គាម៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ស៊ីម៉ាក់)





