អាជ្ញាធរខេត្ដសៀមរាបលើកទឹកចិត្ដដល់វិស័យឯកជនចូលរួមអភិវឌ្ឍវិស័យអប់រំឱ្យបានកាន់តែរឹងមាំ
AKP សៀមរាប ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥-- លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ដសៀមរាប បានលើកទឹកចិត្ដដល់វិស័យឯកជន ឱ្យមានការចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស ឱ្យបានកាន់តែរឹងមាំ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ការលើកឡើងរបស់លោកស្រីអភិបាលរងខេត្តបែបនេះបានធ្វើឡើងនៅក្នុងពិធីបើកសម្ពោធអគារថ្មី ផ្នែកវិទ្យាល័យរបស់សាលាអន្ដរជាតិ ISSR នៅខេត្ដសៀមរាប នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

លោកស្រីអភិបាលរងខេត្តលើកឡើងថា ការកសាង និងអភិវឌ្ឍធនធានមនុស្សជាកត្តាគន្លឹះ គឺសំដៅលើការកសាងទាំងសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញ ការច្នៃប្រឌិត និងនវានុវត្តន៍លើគ្រប់ផ្នែក គ្រប់វិស័យ ពិសេសផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងសមត្ថភាពក្នុងការស្រាវជ្រាវ របកគំហើញថ្មី និងការអភិវឌ្ឍ។ ទន្ទឹមនឹងនេះ ការចូលរួមពីវិស័យឯកជន ពិតជាមិនអាចខ្វះបាន។ ការសម្ពោធអគារសិក្សាថ្មី ផ្នែកវិទ្យាល័យ ISSR នឹងជំរុញឱ្យសាលាអាចសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន គឺការជំរុញនិងលើកទឹកចិត្តឱ្យសិស្សានុសិស្សស្រលាញ់ការសិក្សាពេញមួយជីវិត និងក្លាយជាពលរដ្ឋ សកលដែលមានទំនួលខុសត្រូវខ្ពស់ ខណៈដែលខេត្តសៀមរាប ចាំបាច់ត្រូវតែផ្តោតលើការបណ្តុះបណ្តាលជំនាញច្បាស់លាស់ ដែលអាចបំពេញតម្រូវការការងារក្នុងតំបន់ ដូចជា ជំនាញបច្ចេកវិទ្យាឌីជីថល និងភាសាបរទេស ដែលជាមូលដ្ឋានគ្រឹះក្នុងការបម្រើការងារក្នុងវិស័យ ទេសចរណ៍ និងសេដ្ឋកិច្ចសកល។ រដ្ឋបាលខេត្តសៀមរាប ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្តល់ការគាំទ្រ និងសម្របសម្រួលដល់វិស័យឯកជន ចូលរួមវិនិយោគក្នុងវិស័យអប់រំ។


ឯកឧត្តម Dominic Williams MBE ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានមានប្រសាស ន៍ថា ខេត្តសៀមរាប គឺជាបេះដូងវប្បធម៌របស់ខ្មែរ ដែលមានអង្គរវត្តដ៏ល្បីល្បាញ មានប្រជាពលរដ្ឋរុះរាយរាក់ទាក់ ដូចនេះការចូលរួមផ្តល់ជូននូវគុណភាពអប់រំស្តង់ដារអន្តរជាតិ របស់សាលាអន្ដរជាតិ ISSR គឺជាចូលរួមចំណែកលើការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ នៅខេត្តសៀមរាប។ ឯកឧត្តមក៏បានកោតសសើរចំពោះការអភិវឌ្ឍរបស់ខេត្តសៀមរាប ដែលការអភិឌ្ឍទាំងនេះធ្វើទៅបាន គឺដោយសារ តែយើងមានធនធានមនុស្សល្អនេះឯង។

លោក នីវីល ធូន័រ (Nevill Turner)អគ្គនាយកសាលាអន្ដរជាតិ ISSR សៀមរាប បានលើកឡើងថា សាលាអន្តរជាតិ ISSR បានផ្តល់ជូននូវគុណភាពអប់រំស្តង់ដារអន្តរជាតិ អស់រយៈពេលជាង១៧ឆ្នាំមកហើយ។ ចក្ខុវិស័យរបស់សាលាបានកំណត់យ៉ាងច្បាស់លាស់ដោយសាលាប្តេជ្ញាជំរុញនិងលើកទឹកចិត្តឱ្យសិស្សានុសិស្ស ទាំងអស់ស្រឡាញ់ការសិក្សាពេញមួយជីវិត និងក្លាយជាពលរដ្ឋសកល ដែលមានទំនួលខុសត្រូវខ្ពស់៕
ដោយ ឃុត សៅ





