សម្តេចមហាមន្ត្រី គុយ សុផល នាំយកព្រះរាជអំណោយព្រះមហាក្សត្រ ជូនប្រជារាស្ត្រជាង១០០០គ្រួសារ នៅភូមិព្រំដែនជោគជ័យ និងព្រៃចាន់ ខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥-- ប្រជារាស្ត្រជាង ១០០០ គ្រួសារ ដែលកំពុងរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅតាមតំបន់ព្រំដែន ស្ថិតនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានទទួលនូវព្រះរាជអំណោយដ៏ថ្លៃថ្លា ដែលជាការគិតគូរពីសុខទុក្ខ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពី សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

ពិធីប្រគល់ព្រះរាជអំណោយនេះ ត្រូវបានដឹកនាំដោយផ្ទាល់ពី សម្តេចមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ម្តេចព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំង លោកជំទាវ សុខ នារី គុយ សុផល និងប្រតិភូអមដំណើរ។ វត្តមានដ៏ខ្ពង់ខ្ពស់នេះ ក៏មានការអមដំណើរដោយ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ សម្តេចមហាមន្ត្រី គុយ សុផល បានពាំនាំព្រះរាជបន្ទូលសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក ព្រះទ័យប្រោសប្រណី និងការយកចិត្តទុកដាក់ខ្ពស់បំផុតពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះមហាក្សត្រ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ព្រះអង្គទាំងទ្វេ តែងតែមានព្រះរាជហឫទ័យគិតគូរ និងតាមដានពីសុខទុក្ខរបស់ប្រជារាស្ត្រគ្រប់ទីកន្លែង ជាពិសេសបងប្អូនដែលរស់នៅតាមតំបន់ព្រំដែន។

ជាមួយគ្នានោះ សម្តេចមហាមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីអង់អាចក្លាហានរបស់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលបាន រួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការលះបង់កម្លាំងកាយចិត្ត ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ពីការឈ្លានពាននានា។ សម្តេចមហាមន្ត្រីបានសង្កត់ធ្ងន់ថា ការតស៊ូរបស់បងប្អូន គឺជាគំរូវីរភាពដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនានៅក្នុងមាតុភូមិ។

អំណោយដ៏ថ្លៃថ្លាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានចែកដល់បងប្អូនប្រជារាស្ត្រទទួលរងគ្រោះ ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករចំនួន ១បាវ (៥០គីឡូក្រាម) ឃីតចំនួន១កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) អាវយឺតមានផ្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន០១ មីចំនួន២កេស ត្រីខចំនួន១០កំប៉ុង ទឹកត្រីចំនួន១យួរ (៦ដប) ទឹកស៊ីអ៊ីវចំនួន១យួរ (៦ដប) ទឹកដោះគោខាប់ចំនួន១០កំប៉ុង កន្ទេលចំនួន១ តង់កៅស៊ូចំនួន ០១ (៤ម X ៦ម) និងថវិកាចំនួន ៤០០ ០០០ រៀល (ព្រះរាជទ្រព្យព្រះមហាក្សត្រ ចំនួន ២០០ ០០០រៀល និងព្រះរាជទ្រព្យសម្តេចព្រះមហាក្សត្រី ចំនួន ២០០ ០០០រៀល)។
ក្នុងចំណោមប្រជាពលរដ្ឋជាង ១០០០ គ្រួសារ ដែលបានទទួលព្រះរាជអំណោយនាពេលនោះ បានសម្តែងនូវ ក្តីរំភើបរីករាយ ជាពន់ពេកចំពោះព្រះរាជទានដ៏ឧត្តុង្គឧត្តមនេះ។ តំណាងប្រជាពលរដ្ឋម្នាក់បានលើកឡើងថា វត្តមានរបស់សម្តេចមហាមន្ត្រី គុយ សុផល និងប្រតិភូ គឺជាភស្តុតាងដែលបង្ហាញយ៉ាងច្បាស់អំពី ព្រះរាជហឫទ័យដ៏ប្រពៃ របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលតែងតែនៅក្បែរប្រជារាស្ត្ររបស់ព្រះអង្គជានិច្ច មិនថាក្នុងកាលៈទេសៈណាក៏ដោយ។
ពួកគេបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះរាជអំណោយទាំងនេះ ដែលពិតជាបានជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ជាពិសេសនៅតំបន់ដែលកំពុងប្រឈមនឹងការលំបាកមួយចំនួន។ ការទទួលបានព្រះរាជអំណោយនេះ បានក្លាយជា កម្លាំងចិត្ត និងក្តីសង្ឃឹម ថ្មីមួយសម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការបន្តការតស៊ូ និងការចូលរួមកិច្ចការការពារជាតិ និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។
សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់អំពី ព្រះរាជបារមី និងព្រះរាជតួនាទី ដ៏សំខាន់របស់ព្រះមហាក្សត្រ ក្នុងនាមជា ព្រះប្រមុខរដ្ឋជាទីគោរពសក្ការៈ របស់ប្រជារាស្ត្រខ្មែរគ្រប់រូប ដែលតែងតែមានព្រះរាជហឫទ័យគិតគូរអំពីសុខុមាលភាពរបស់កូនចៅ ចៅទួតគ្រប់ៗគ្នា៕
ដោយ ឈុន សារ៉ាត





