ខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥-- អាជ្ញាធរមីនបានធ្វើការផ្សព្វផ្សាយការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ និងដំឡើងផ្ទាំងប៉ាណូដើម្បីឱ្យប្រជាពលរដ្ឋបានយល់ពីបញ្ហាមីន ចៀសវាងការគ្រោះថ្នាក់ណាមួយកើតចេញពីបញ្ហាមីនពិសេសក្នុងសង្រ្គាមតាមព្រំដែនរវាងកម្ពុជានិងថៃនាថ្មីៗមកនេះ។

ពិធីនេះបានរៀបចំផ្សព្វផ្សាយដោយឯកឧត្តម ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីននៅអនុវិទ្យាល័យឆ្នាល់មាន់ ភូមិក្រាំងស្វាត ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ សិស្សានុសិស្ស និង សហគមន៍យល់ដឹងអំពីមីនគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីទប់ស្កាត់កុំឱ្យមានជនរងគ្រោះថ្នាក់ដោយសារគ្រាប់ទាំងនោះបន្តទៀត។


គួរបញ្ជាក់ថា ក្នុងពិធីនេះមានការចូលរួមពីអភិបាលស្រុកគាស់ក្រឡ កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី ម៉ាពូ ប្រតិបត្តិករ MAG, ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។ ផ្ទាំងប៉ាណូ និងសម្ភារអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ បានទទួលការគាំទ្រថវិកាពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR4)៕
ដោយ៖ មករា





