ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់ទីស្នាក់ការគណៈកម្មាធិការអភិវឌ្ឍន៍ភូមិត្បែងខ្ពស់ និងភូមិវាលស្បូវ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់ទីស្នាក់ការគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ.) ចំនួន២ទីតាំង នៅភូមិត្បែងខ្ពស់ និងភូមិវាលស្បូវ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ទីស្នាក់ការគណៈកម្មាធិការអភិវឌ្ឍន៍ភូមិទាំងពីរនេះមានទំហំ៦ម៉ែត្រ x ៦ម៉ែត្រ កម្ពស់៤ម៉ែត្រ ដែលមានបន្ទប់សម្រាប់ គ.អ.ភ. បំពេញការងាររដ្ឋបាលរបស់ខ្លួនដោយមានភាពងាយស្រួល និងប្រសិទ្ធភាព។ ទីស្នាក់ការទាំងពីនេះត្រូវបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី០៤ ខែតុលា ហើយគ្រោងនឹងបញ្ចប់នៅដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ដែលបច្ចុប្បន្នមានវឌ្ឍភាពសាងសង់ប្រមាណ ៦០%។


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់អ្នកម៉ៅការសាងសង់ ឱ្យយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមគំនូសប្លង់ដែលបានកំណត់ក្នុងកិច្ចសន្យាការងារ និងពន្លឿនការសាងសង់ឱ្យបានចប់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។ គួរជម្រាបជូនផងដែថា ការសាងសង់ឱ្យមានទីស្នាក់ការសម្រាប់គណៈកម្មាធិកាអភិវឌ្ឍន៍ភូមិនាពេលនេះគឺដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ គ.អ.ភ បន្ថែមទៀតឱ្យមានទីតាំងបំពេញការងារជាក់លាក់ក្នុងការអនុវត្តសកម្មភាពអភិវឌ្ឍន៍ភូមិឱ្យក្លាយជាភូមិគំរូ និងរក្សាបានស្ថិរភាពនៃការអភិវឌ្ឍនៅក្នុងភូមិរបស់ខ្លួន៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





