អាជ្ញាធរទន្លេសាប និងធនាគារពិភពលោក WB រៀបចំកិច្ចប្រជុំព្រាងរបាយការណ៍ស្តីពី "សន្តិសុខទឹកអាងទន្លេសាប"
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានបន្តដឹកនាំក្រុមការងារសហការជាមួយក្រុមការងារធនាគារពិភពលោក WB (ICEM, DFAT AWP) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ស្តីពី "សន្តិសុខទឹកអាងទន្លេសាប" ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានខេត្ត មន្ទីរជំនាញ និងស្រុកពាក់ពន្ធ័ នៅសាលប្រជុំខេត្តបន្ទាយមានជ័យ។

ឯកឧត្តម សរ គឹមសាន្ត បានបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានេះមានគោលបំណងបង្ហាញលទ្ធផលនៃសេចក្តីព្រាងរបាយការណ៍ ស្ថានភាពអាងទន្លេសាប ប្រមូលមតិយោបល់ និងសម្របសម្រួលលើវិស័យអាទិភាព។ ការប្រមូលការយល់ដឹងពីទីវាលមូលដ្ឋានផ្ទាល់ និងធាតុចូលរបស់ភាគីពាក់ព័ន្ធ ជូនដំណឹងពីការវាយតម្លៃ និងការណែនាំ និងកំណត់តំបន់ដែលមានបញ្ហាចម្បងៗ (Keys Hotspots) សម្រាប់ធ្វើការវិនិច្ឆ័យសន្តិសុខទឹកក្នុងអាងបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ មានស្ទឹងសំខាន់ចំនួន២ ដែលហូរចាក់ចូលបឹងទន្លេសាប នារដូវវស្សា គឺស្ទឹងស្រែងមានប្រវែងប្រមាណ ៣២៥ គីឡូម៉ែត្រ និងស្ទឹងមង្គលបុរី មានប្រវែងប្រមាណ៣៥០គីឡូម៉ែត្រ៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





