កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ "កូនល្អ សិស្សល្អ មិត្តល្អ" សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
AKP កំពង់ស្ពឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥-- មន្ទីរអបរំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានរៀបចំ កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ "កូនល្អ សិស្សល្អ មិត្តល្អ" សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នាព្រឹកថ្ងៃ១៧ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហន ភក្តី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជា ២០០នាក់ នៅសាលប្រជុំបណ្ណាល័យកំពង់ស្ពឺ។

ឯកឧត្តម ហន ភក្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានរៀបចំ កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ “កូនល្អ សិស្សល្អ មិត្តល្អ” របស់កុមារ និង យុវជន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងបរិបទដែលសកលលោកទាំងមូលកំពុងផ្តោតការយកចិត្តទុកដាក់លើផលិតកម្ម ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ គឺត្រូវទាមទារឱ្យមានការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព។ ដូចនេះវាជាភារកិច្ចរបស់យើងទាំង អស់គ្នា ជាពិសេសស្ថាប័នទទួលបន្ទុកការងារអប់រំ ក្នុងការបណ្តុះបណ្តាលកុមារ និងយុវជនយើងឱ្យមានសមត្ថភាព ជំនាញច្បាស់លាស់ដើម្បីបំពេញតម្រូវការតាមការវិវត្តនៃសកលភាវូបនីយកម្ម។

ឯកឧត្តមបានជំរុញឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក នាយក នាយិកា លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់កម្មវិធីអប់រំ និងនិយាម គរុកោសល្យ របស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសត្រូវអនុវត្តគោលការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ការអប់រំ សម្រាប់ទាំងអស់គ្នា និងការជំរុញចលនាអប់រំ ក្នុងសាលារៀនតាមពាក្យស្លោក “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ” ឱ្យកាន់តែសកម្មខ្លាំងក្លា និងមានប្រសិទ្ធភាពខ្ពស់ ផ្តល់សេវាអប់រំ ដោយផ្តោតជាសំខាន់លើ “គុណភាពជាចម្បង”។ លើសពីនេះ គួរផ្សារភ្ជាប់ការអប់រំសិស្សានុសិស្ស ទៅនឹងមេរៀនប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ វប្បធម៌សន្តិភាព ការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូររបស់មនុស្សសីលធម៌ សុជីវធម៌ សិល្បៈ កីឡា និងបំនិនជីវិតផ្សេងៗ ដើម្បីឱ្យពួកគេទទួលបាន នូវចំណេះដឹងកាន់តែប្រសើរ និងក្លាយជាគ្រាប់ពេជ្រពិតប្រាកដសម្រាប់គ្រួសារ និងសង្គមជាតិ។

ឯកឧត្តមបានធ្វើការផ្តាំផ្ញើដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ សូមបន្តចូលរួមអនុវត្តចលនាប្រឡងប្រណាំង៣ល្អ របស់កុមារ និងយុវជន ក្មួយៗត្រូវខិតខំសិក្សារៀន សូត្រ ដើម្បីជួយខ្លួនឯង ជួយគ្រួសារ និងជួយសង្គមជាតិ ក្នុងពេលឥឡូវនេះភារកិច្ចចម្បងរបស់ក្មួយៗគឺត្រូវខិតខំ ហាត់ពត់លត់ដំខ្លួន ឱ្យក្លាយជា “កូនល្អ សិស្សល្អ និងមិត្តល្អ” និងក្លាយជាពលរដ្ឋរដ្ឋល្អនៅពេលអនាគត។ ចលនាប្រឡងប្រណាំង៣ល្អ របស់កុមារ និងយុវជន គឺជាចំណែកមួយដ៏សំខាន់បំផុតក្នុងគោលដៅ នៃការ អភិវឌ្ឍធនធានមនុស្ស ផ្តើមចេញពីសកម្មភាពជំរុញចលនាប្រឡងប្រណាំង៣ល្អកន្លងមក បានធ្វើឱ្យក្មួយៗកុមារ និងយុវជន ជាច្រើនចាប់អារម្មណ៍ប្រកបទៅដោយមោទនភាព និងការខិតខំកសាងអំពើល្អរបស់ខ្លួន ចេះយកចិត្ត ទុកដាក់ជួយមិត្តភក្តិ គ្រួសារ និងសង្គមជាតិ ព្រមទាំងសង្វាតរៀនសូត្របានជាបន្តបន្ទាប់។ ហេតុនេះ សូមក្រុមការងារ ទាំងថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក មេត្តាយកចិត្តទុកដាក់ចំពោះការងារក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជន នេះឱ្យ បានកាន់តែប្រសើរថែមទៀត។

បន្ទាប់បានសំណេះសំណាលរួចមក ឯកឧត្តមក៏បានផ្តល់លិខិតសរសើរ និងវត្ថុអនុស្សាវរីយ៍ដល់សិស្សានុសិស្ស ដោយបង្ហាញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តយ៉ាងធំធេងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សិស្សគ្រប់រូបផងដែរ៕
ដោយ លឹម សាន្ត





