អភិបាលរងខេត្តបន្ទាយមានជ័យជំរុញក្រុមប្រឹក្សាឃុំសង្កាត់ត្រូវខិតខំបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែល្អប្រសើរ
AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥--លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានជំរុញយ៉ាងទទូចដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បម្រើសេវារដ្ឋបាលសាធារណៈ ដែលជាតម្រូវការចាំបាច់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ការថ្លែងជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រីអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់កុំព្យូទ័រយួរដៃ ដល់រដ្ឋបាលឃុំ សង្កាត់ សម្រាប់ឱ្យជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ របស់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ(ក) សាលាខេត្ត នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

លោកស្រី រស់ សុផានី បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបន្តការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបម្រើសេវារដ្ឋបាលសាធារណៈដែលជាតម្រូវការចាំបាច់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀតឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះ លោកស្រីអភិបាលរងខេត្តក៏បានជំរុញបន្ថែមដល់រដ្ឋបាលឃុំ-សង្កាត់ទាំងអស់ បន្តខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សា សន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញ កិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ការខិតខំទាំងនេះគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានទទួលលទ្ធផលល្អប្រសើរគួរជាទីមោទនៈយ៉ាងក្រៃលែង៕

ដោយ ឈុន សារ៉ាត





