ឯកឧត្តម សូ វិសុទ្ធី អញ្ជើញជាអធិបតីក្នុងសន្និសីទពន្លឿនធុរកិច្ចថ្មីឌីជីថល ARC ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសន្និសីទពន្លឿនធុរកិច្ចថ្មីឌីជីថល ARC ឆ្នាំ២០២៥ (ARC Startup Accelerator Conference 2025) នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា (AUPP Technology Center - ATC) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកម្ម វិស័យឯកជន ភ្ញៀវកិត្តិយស សាស្រ្តាចារ្យ និងនិស្សិតប្រមាណ ២៥០នាក់។

ឯកឧត្តម សូ វិសុទ្ធី បានលើកឡើងថា កម្មវិធី ARC Startup Accelerator មានតួនាទីពន្លឿនធុរកិច្ចថ្មីឌីជីថល និងត្រូវបានបង្កើតឡើងនៅមជ្ឈមណ្ឌលបច្ចេកវិទ្យានៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រោមការគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជាច្រើន រួមមាន Kiripost, Cambodia Lifestyle, Fresh News, Coolapp, Offchain, Coti Group, Red Team Partners Global និង ChainsAtlas Pte Ltd. ជាដើម។

សន្និសីទដែលមានរយៈពេលមួយថ្ងៃពេញនេះមានគោលបំណងប្រមូលផ្តុំសហគ្រិនធុរកិច្ចថ្មីឌីជីថលមកពីជុំវិញប្រទេសកម្ពុជា ដែលមានស្ថាបនិកជាជនជាតិខ្មែរ ឬបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា សំដៅផ្តល់ឱកាស ការណែនាំ ការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងបរិក្ខារទំនើបៗ ដើម្បីពង្រីកអាជីវកម្ម និងទំនាក់ទំនងរបស់ពួកគេ។

សូមជម្រាបជូនថា កម្មវិធី ARC Startup Accelerator បាន និងបន្តរៀបចំកម្មវិធី និងសន្និសីទជាច្រើននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០២៤មកម៉្លេះ ដែលធុរកិច្ចថ្មីឌីជីថលជាច្រើននៅប្រទេសកម្ពុជាដូចជា Atelier, D2D, Jish App, Mouy និង Street Smarts បានសហការ និងសិក្សាបន្ថែមអំពីបច្ចេកទេសនៃការលក់ផលិតផល និងការបញ្ចុះបញ្ចូលអតិថិជន ឬអ្នកវិនិយោគនៅកម្រិតជាតិ និងអន្តរជាតិ៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





