សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះនៅស្រុកកៀនស្វាយ
AKP កណ្ដាល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥-- លោកស្រី ស៊្រុន ស្រីនាង ហេរញ្ញិកគណៈកម្មាធិការសាខា និងជាអភិបាលរងខេត្ត ដឹកនាំប្រតិភូសាខា និងអនុសាខាកាកបាទក្រហមស្រុកកៀនស្វាយ នាសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន០៣គ្រួសារ និងចូលរួមរំលែកទុក្ខគ្រួសារកុមារីលង់ទឹកស្លាប់ម្នាក់ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកស្រី ស៊ុន ស្រីនាង បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាជនគ្រប់រូបគឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ ដែលត្រូវតែបានគិតគូរ និងស្វែងរកដំណោះស្រាយបញ្ហាប្រឈមមួយដ៏ល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកផ្តល់ជូនដល់ប្រជាជនរងគ្រោះនាពេលនេះជាដើម ទោះបីវាមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកក្នុងការជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

លោកស្រីបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល អាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។ ពិសេសនៅរដូវទឹកឡើងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងតូចៗ និងចាស់ជរា មិនត្រូវឱ្យពួកគាត់នៅក្បែរទឹក ឬលេងទឹកឡើយ ដែលអាចបណ្ដើរឱ្យពួកគាត់លង់ទឹកស្លាប់បាន។

លោកស្រីក៏បានផ្តល់នូវការលើកទឹកចិត្តដល់គ្រួសារជនរងគ្រោះ ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង និងគ្រួសារកុមារីលង់ទឹក គឺមិនត្រូវបាក់ទឹកចិត្ត និងអស់សង្ឃឹមឡើយ ត្រូវបន្តការខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត និងបានណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់សម្របសម្រួលជូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ដោយត្រូវធ្វើលិខិតស្នាមជូនពួកគាត់ឡើងវិញ រួមមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត និងឯកសារផ្សេងៗទៀតដោយសម្របសម្រួលជូនពួកគាត់ប្រកបដោយការយកចិត្តដាក់ខ្ពស់បំផុត។
សូមជម្រាបជូនថា អំណោយដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម មី១កេស កៅស៊ូតង់១ផ្ទាំង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ត្រីខកំប៉ុង ១យួរ សម្ភារផ្ទះបាយ១ឈុត និងថវិកាចំនួន១លានរៀល៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





