លោកយាយចាស់ជរាឥតទីពឹងនៅស្រុកស្អាង ទទួលផ្ទះមនុស្សធម៌១ខ្នង ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥-- លោកស្រី ស៊្រុន ស្រីនាង ហេរញ្ញិកគណៈកម្មាធិការសាខា និងជាអភិបាលរងខេត្ត នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូសាខា និងអនុសាខាកាកបាទក្រហម អញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង លេខរៀងទី៦៩ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តខេត្តកណ្ដាល ជូនដល់លោកយាយ មុយ ផុស ចាស់ជរាឥតទីពឹង រស់នៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

លោកស្រី ស៊្រុន ស្រីនាង បានសម្តែងក្តីសោមនស្សរីករាយ និងការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតអាសូរ និងស្រឡាញ់ចំពោះលោកយាយ មុយ ផុស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។

ទន្ទឹមនឹងនេះ លោកស្រីបានលើកទឹកចិត្តដល់លោកយាយ មុយ ផុស សូមគិតគូរពីបញ្ហាសុខភាព ដោយត្រូវបរិភោគទឹកស្អាត ទឹកដាំឆ្អិនល្អ ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា និង បានគូសបញ្ជាក់ផងដែរថា «កាកបាទក្រហមកម្ពុជាទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។

ជាកិច្ចឆ្លើយតប លោកយាយ មុយ ផុស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ និងជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី១ខ្នង ដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេ។ លោកយាយបានសន្យាថានឹងខិតខំថែរក្សាផ្ទះថ្មីនេះឱ្យបានល្អ គង់វង្សយូរអង្វែង ជាពិសេសមិនធ្វើឱ្យអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។
ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ជូនអំណោយ សម្រាប់សង្កត់ផ្ទះរួមមាន អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ១យួរ ទឹកបរិសុទ្ធ១កេស សម្ភារៈផ្ទះបាយ ១ឈុត និងថវិកា១០ម៉ឺនរៀល។ សូមបញ្ជាក់ថា ផ្ទះលេខរៀងទី៦៩ ដែលជាអំណោយរបស់សាខាខេត្តកណ្ដាលនេះ ចំណាយថវិកា២៥០០ដុល្លារ មានទំហំ៤ម៉ែត្រ គុណ៧ម៉ែត្រ ជញ្ជាំងស័ង្កសី ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





