កម្ពុជានឹងមានព្រឹត្តិការណ៍អន្តរជាតិធំៗនាឆ្នាំ២០២៦ខាងមុខ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥-- ដើម្បីត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ចក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០២៦ខាងមុខ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងជាន់ខ្ពស់របស់សណ្ឋាគារ Raffle Le Royal ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបបានជួបពិភាក្សាគ្នាអំពីកិច្ចការនេះ នាពេលថ្មីនេះៗ នៅទីស្តីការក្រសួង។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិករបស់សណ្ឋាគារ Raffle Le Royal ទាំងអស់ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគឺការបដិសណ្ឋារកិច្ច សេវាស្នាក់នៅ ម្ហូបអាហារ ដែលបាននាំភ្ញៀវទេសចរជាតិ និងអន្តរជាតិពីគ្រប់ទិសទីនៃពិភពលោកទទួលបាននូវបទពិសោធន៍ដ៏កក់ក្តៅ និងមិនអាចបំភ្លេចបានពីដំណើរទេសចរណ៍នៅប្រទេសកម្ពុជា ជាពិសេសគឺស្នាមញញឹមរបស់ពលរដ្ឋកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានជម្រាបជូនដល់ប្រតិភូសណ្ឋាគារអំពីព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលនឹងរៀបចំឡើងនៅប្រទេសកម្ពុជា ជាពិសេសគឺកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ដែលជាកិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗពីបណ្តាប្រទេសជាច្រើន អ្នកសារព័ត៌មានអន្តរជាតិ និងអ្នកចូលរួមជាច្រើនពាន់នាក់មកពីគ្រប់ទិសទីនៃពិភពលោក។

ឯកឧត្តមបានផ្តល់នូវអនុសាសន៍ណែនាំដល់ប្រតិភូសណ្ឋាគារ Raffle Le Royal ត្រៀមលក្ខណៈឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅជូនដល់ភ្ញៀវជាតិ និងអន្តរជាតិកំពូលៗ ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំង (Francophonie Summit) ខាងមុខ ដែលជាការលើកមុខមាត់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ និយាយជារួម និងនិយាយដោយឡែកគឺសម្រាប់វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច សេវាស្នាក់នៅ និងម្ហូបអាហាររបស់កម្ពុជាដល់ពិភពលោកទាំងមូល៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





