គម្រោងទីក្រុងគួរឱ្យចង់រស់នៅ៖ ថ្នាក់ដឹកនាំចុះពិនិត្យទីតាំងសាងសង់ទីលានទុកដាក់សំរាមស្តង់ដារ នៅក្រុងប៉ោយប៉ែត
AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥--គណៈប្រតិភូអន្តរក្រសួង និងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្ដែងសម្រាប់អនុវត្តគម្រោងសាងសង់ទីលានទុកដាក់សំរាមស្តង់ដារ ក្នុងក្រុងប៉ោយប៉ែត ដែលជាអនុគម្រោងមួយដ៏សំខាន់នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឲ្យចង់រស់នៅ (Livable Cities Project) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ប្រតិភូដឹកនាំដោយ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក ពូ ម៉ានិត អគ្គនាយករង នៃអគ្គនាយកដ្ឋានចម្រោះទឹកកខ្វក់ និងជានាយករងគម្រោង តំណាងឱ្យឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងទីក្រុងគួរឲ្យចង់រស់នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ។ ការចុះពិនិត្យនេះ បានធ្វើឡើងនៅទីតាំងដែលបានកំណត់ ក្នុងភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

ក្នុងឱកាសចុះពិនិត្យទីតាំងជាក់ស្ដែងនេះ លោក ពូ ម៉ានិត អគ្គនាយករង នៃអគ្គនាយកដ្ឋានចម្រោះទឹកកខ្វក់ និងជានាយករងគម្រោង បានគូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងនេះគឺ បង្កើនសោភ័ណភាព និងបរិស្ថានស្អាត៖ ទីលានទុកដាក់សំរាមស្តង់ដារនឹងចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការគ្រប់គ្រងសំណល់រឹងឲ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលជាកត្តាចាំបាច់សម្រាប់កែលម្អសោភ័ណភាពបរិស្ថានក្រុង និងត្រៀមប្រកួតប្រជែងជាទីក្រុងស្អាត។ សុខុមាលភាពសាធារណៈ ការគ្រប់គ្រងសំរាមប្រកបដោយស្តង់ដារ នឹងជួយកាត់បន្ថយការបំពុលបរិស្ថាន និងកែលម្អគុណភាពរស់នៅ ក៏ដូចជាធានាបាននូវសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគម្រោងនេះគឺជាផ្នែកមួយនៃកញ្ចប់ថវិកាប្រមាណជាង ៧៤លានដុល្លារ ដែលក្រុងប៉ោយប៉ែតទទួលបាន សម្រាប់អនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន ៤ រួមមាន៖ ប្រព័ន្ធលូ ផ្លូវ ទីលានចាក់សំរាម និងគម្រោងចម្រោះទឹកកខ្វក់ ក្នុងគោលដៅប្រែក្លាយក្រុងប៉ោយប៉ែត ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏មានសក្ដានុពល ប្រកបដោយនិរន្តរភាព។

តំណាងអភិបាលខេត្ត លោក ឃ្លោក នួយ អភិបាលរងខេត្ត ក៏បានលើកឡើងដែរថារដ្ឋបាលខេត្តបន្ទាយមានជ័យ បានត្រៀមលក្ខណៈរួចរាល់ក្នុងការសម្របសម្រួល និងគាំទ្រយ៉ាងពេញទំហឹងដល់ការអនុវត្តគម្រោងនេះ ជាពិសេសការដោះស្រាយផលប៉ះពាល់ និងការរៀបចំទីតាំងឱ្យស្របតាមលក្ខខណ្ឌបច្ចេកទេស។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតំបន់ជុំវិញគម្រោងឱ្យចូលរួមសហការ និងយល់ដឹងពីផលប្រយោជន៍ដ៏ធំធេងនៃទីលានទុកដាក់សំរាមស្តង់ដារនេះ ដែលនឹងផ្លាស់ប្តូរមុខមាត់ក្រុងប៉ោយប៉ែតឱ្យកាន់តែមានសោភ័ណភាព និងផាសុកភាពសម្រាប់ការរស់នៅ។
ជាការកត់សម្គាល់ គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅនេះ ត្រូវបានចុះហត្ថលេខាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងចូលរួមដោយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលដៅអនុវត្តអនុគម្រោងសំខាន់ៗ នៅក្នុងក្រុងចំនួន៣ រួមមាន ក្រុងប៉ោយប៉ែត ក្រុងបាវិត និងក្រុងកំពត៕
ដោយ ឈុន សារ៉ាត





