សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អាវរងាដល់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥-- លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងបើកចែកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ធំចំនួន៣៦៨អាវ នៅបរិវេណកងរាជអាវុធហត្ថខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពស្ថេរភាពសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងការរស់នៅ និងមានការអភិវឌ្ឍប្រទេសឱ្យមានរីកចម្រើនលើគ្រប់វិស័យ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្ត សូមថ្លែងអំណរគុណដល់សម្ដេចទាំងពីរដែលបានផ្ដល់អាវរងារចំនួន៣៦៨អាវនាឱកាសនេះដើម្បីបានយកទៅប្រើប្រាស់នៅរដូវរងាខាងមុខនេះ។ សូមជូនពរដល់សម្ដេចជួបតែសេចក្តីសុខ និងពុទ្ធពរទាំង៤ប្រការ៕


ដោយ ស៊ុម វណ្ណា (ប្រភព៖ កងរាជអាវុធហត្ថខេត្តកំពង់ធំ)





