ឯកឧត្តម ប៉ែន ផល្លីកា ដឹកនាំមន្ត្រីជំនាញចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានជនផលនៅឃុំពាមបាង
AKP កំពង់ធំ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារជំនាញរួមមាន លោក ប៉ី វិចិត្រ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ មន្រ្តីសង្កាត់រដ្ឋបាលជលផលពាមបាង មន្រ្តីសង្កាត់រដ្ឋបាលជលផលស្ទោង និងមន្រ្តីកម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការឃុំពាមបាងស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានជលផលនៅចំណុចបាឡត រហូតដល់បាទាល់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ជាលទ្ធផលអនុវត្តបាន០១ករណីដោយបានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ របាំងសាច់អួនក្រឡាញឹកចំនួន៦របាំងប្រវែង១៤០០ម៉ែត្រ ឡុកសាច់អួនចំនួន១២គ្រឿង លូ/លប ចំនួន១៦មាត់ និងបង្គោលកូនឈើចំនួន១៥០ដើម។

ក្នុងប្រតិបត្តិការនេះដែរ ឯកឧត្តមប៉ែន ផល្លីកា និងលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានផ្ដល់សូឡា (pecron) ដល់សង្កាត់រដ្ឋបាលជលផលពាមបាង០២គ្រឿងនិងសង្កាត់រដ្ឋបាលជលផលស្ទោងចំនួន០១គ្រឿងដើម្បីប្រើប្រាស់។

នៅថ្ងៃជាមួយគ្នានេះដែរលោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោមបានដឹកនាំកម្លាំងទីបញ្ញាការស្រាលឈរជើងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផលនៅចំណុចរលំទ្រង់ឃុំសំព្រោជស្រុកស្ទោង ខេត្តកំពង់ធំ។ជាលទ្ធផលអនុវត្តបាន១ករណីដោយបានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង៖ របាំងសាច់អួនក្រទ្បាញឹកចំនួន៧របាំងប្រវែង១០៥០ម៉ែត្រ ទ្បុកចំនួន៧គ្រឿង លប/លូ ចំនួន៧មាត់ បរចំនួន២មាត់បង្គោលចំនួន៥០០ដើមនឹងបានចាក់ព្រលែងត្រីស្រស់ចម្រុះទំងន់៥០គីទ្បូក្រាមចូលបឹងធម្មជាតិវិញ។

លោក ផល សុខហ៊ាង នាយសង្កាត់រដ្ឋបាលជលផលព្រៃគុកនិងមន្រ្តីបានដឹកនាំកម្លាំងសហគមន៍ស្រះជម្រកត្រីក្អែកងូត អាជ្ញាធរ ប្រជាការពារ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចភូមិកំពង់ឈើទាល ឃុំតាំងក្រសៅ ស្រុក ប្រាសាទសំបូរខេត្តកំពង់ធំ។ជាលទ្ធផលអនុវត្តបាន០១ករណីដោយបានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន របាំងស្បៃមុងចំនួន០៧ របាំង ប្រវែង១០៥ម៉ែត្រ ឡុកស្បៃមុងចំនួន០៧គ្រឿង លូស្បៃមុងចំនួន ៧មាត់ និងបង្គោលចំនួន៩៨ដើម៕

ដោយ ស៊ុម វណ្ណា





