មន្ទីររៀបចំដែនដីខេត្តកណ្តាលរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
AKP កណ្តាល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកណ្តាល។
មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល ដែលបានប្រឹងប្រែងអស់កំលាំងកាយ កំលាំងចិត្ត អនុវត្តការងារកន្លងមកនេះ ដើម្បីសម្រេចបាននូវគោលនយោបាយរបស់ក្រសួងរៀបចំដែនដី នគូរបនីយកម្ម និងសំណង់។ ដើម្បីរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ អោយបានជោគជ័យ ផ្តោតលើអាទិភាពគន្លឹះទាំង៥គឺ មនុស្ស, ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី លើការងារកំណែទម្រង់ មុខងារសាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាព ស្ថាប័ននិងធនធានមនុស្ស។ គោលបំណងធំរបស់យើងគឺ ដើម្បីពង្រីកមូលដ្ឋានសេដ្ឋកិច្ច ទ្រទ្រង់ចំណូលចរន្ត ការលើកកម្ពស់ជីវភាពរបស់មន្ត្រីរាជការ និងចូលរួមអនុវត្តនូវគោលនយោបាយថ្មីៗ ដែលបានដាក់ចេញជាបន្តបន្ទាប់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ជាក់ស្តែង សម្រាប់ខេត្តកណ្តាល តាមវឌ្ឍនភាពថ្មីៗនេះឃើញថា បានអនុវត្តការងារចុះបញ្ជីនេះបានច្រើនក្នុងនោះ គិតពីចាប់ផ្តើមដំណើរការ ដល់ខែសីហា ឆ្នាំ២០២៥ វាស់វែងបាន ១៣ ៦២៦ ៨០៦ ក្បាលដីលើក្បាលដីសរុប ១៣ ៧៣១ ២១៣ ក្បាលដី ចេញបណ្ណបាន ៨ ៧៤៥ ៧៣៤ បណ្ណ ក្នុងអាណត្តិទី៧ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា២០២៣ ដល់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ វាស់វែងបាន ៤ ៥៨៣ ១៦៩ ក្បាលដីលើក្បាលដីសរុប ៤ ៧៨៩ ៣៤៩ក្បាលដី ចេញបណ្ណបាន ១ ៦១២ ៤៤០ បណ្ណ និងបានចុះបញ្ជីចប់បានចំនួន ៧១ឃុំក្នុង ១២៧ឃុំ សង្កាត់ ស្មើនឹង ៦២៨ភូមិក្នុង ១០១០ភូមិ និងមានភូមិដែលកំពុងបិទផ្សាយ និងបិទផ្សាយចប់មានចំនួន ២៩៦ភូមិ និងនៅសល់ ៨៣ភូមិគ្រោងបិទផ្សាយរហូតដល់បំណាច់ឆ្នាំ២០២៥ និងមានភូមិ៣ទៀតជាប់ព្រំដែនរង់ចាំការសម្រេចពីគណៈកម្មការព្រំដែន។

ក្នុងឱកាសបិទសន្និបាត លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានវាយតម្លៃខ្ពស់ចំពោះមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល គឺមានការរីកចម្រើនគួរជាទីមោទនៈ ក្នុងនោះទាំងការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយរដ្ឋបាលខេត្ត, ការផ្តល់សេវាតាមប្រព័ន្ធអនឡាញ, ការងារចុះបញ្ជីដីធ្លី, ការងារៀបចំដែនដី និងនគរូបនីយកម្ម, ការងារសំណង់, និងការងារលំនៅឋានជាដើម។ ដើម្បីសម្រេចបាននូវការចេញបណ្ណកម្មសិទ្ធិ ជូនដល់ប្រជាពលរដ្ឋ គឺដើម្បីផ្តល់នូវទំនុកចិត្តបន្ថែមទៀត លើប្រើប្រាស់ដីធ្លីប្រកបដោយសុវត្ថិភាព ជូនពួកគាត់ និងដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព រួមចំណែកដល់ការពង្រឹងយុត្តិធម៌ ស្ថេរភាពសង្គម ការអភិវឌ្ឍន៍និងអាចធ្វើការអភិវឌ្ឍប្រកបដោយចីរភាព និងការអភិវឌ្ឍសង្គម កាត់បន្ថយបាននូវជំលោះដីធ្លីបានជាអតិបរិមា។ ក្រោយពីការងារចុះបញ្ជីដីធ្លីត្រូវបានបញ្ចប់នាពេលខាងមុខ ការងារដែលជាអាទិភាពបន្ទាប់នោះ គឺការរៀបចំដែនដី និងនគរូបនីយកម្ម ការៀបចំប្លង់ហេដ្ឋរចនាសម្ព័ន្ធទីប្រជុំជន និងលំហសាធារណៈ ការរៀបចំកែលំអរ អភិវឌ្ឍន៍ និងអភិរក្ស ដើម្បីប្រែក្លាយទីប្រជុំជនខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ របស់យើងជាទីកន្លែងទាក់ទាញសម្រាប់ដៃគូគម្រោងអភិវឌ្ឍន៍ សម្រាប់ការអភិវឌ្ឍន៍ នៅមូលដ្ឋាន និងដើម្បីរួមចំណែកកសាងខឿនសេដ្ឋកិច្ចកម្ពុជា ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេស មានភាពរឹងមាំ រស់បានដោយខ្លួនឯង ឯករាជ្យម្ចាស់ការ ហើយដែលកិច្ចការទាំងអស់នេះ ត្រូវតែ មានការចូលអោយបានពេញលេញពីរដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ ដែលជាម្ចាស់ និងមានការ សម្របសម្រួលជួយជាបច្ចេកទេសពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។ បច្ចុប្បន្នយើងបានរៀបចំផែនការប្រើប្រាស់ដី ថ្នាក់ឃុំ សង្កាត់ ប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុង ស្រុក ទូទាំងខេត្ត សម្រេចបានជាជំហ៊ានៗ ក្នុងនោះបានអនុវត្តការកំណត់ប្លង់ហេដ្ឋារចនាសម្ព័ន្ធសម្រេចបានស្ទើរ១០០ភាគរយ។


លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល បានអោយដឹងថា ខេត្តកណ្តាលបានចាប់ផ្តើមអនុវត្តការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ចាប់តាំងពីឆ្នាំ២០០៣ រហូតមក ដល់បច្ចុប្បន្ន។ក្នុងចំណោម១០១០ភូមិទូទាំងខេត្ត បានចុះបញ្ជីចប់ចំនួន ៦២៨ភូមិ ស្មើនឹង ៤៦៧ ៥៣០ក្បាលដី ភូមិកំពុងបិទផ្សាយ និងបិទផ្សាយចប់មានចំនួន ២៩៦ភូមិ ស្មើនឹង ២៧៦ ៤២៣ក្បាលដី និង ភូមិត្រៀមបិទផ្សាយមានចំនួន ៨៣ភូមិ ស្មើនឹង ៨១ ២៣៧ក្បាលដី៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





