អាជ្ញាធរមីនរៀបចំយុទ្ធសាស្ត្រជាតិឱ្យមានប្រសិទ្ធភាពរួមគ្នាការប្រយុទ្ធប្រឆាំងសកម្មភាពមីនឆ្នាំ២០២៦-២០៣៥ខាងមុខ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥-- អាជ្ញាធរមីនបានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យមីន (TWG-MA) នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ អាជ្ញាធរកម្ពុជា ចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល (NGOs) និងវិស័យឯកជន។ វេទិកាអន្តរវិស័យនេះមានគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសកម្មភាពមីន និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥ និងគោលនយោបាយជាតិសកម្មភាពមីនឆ្នាំ ២០២៦-២០៣៥ នាពេលខាងមុខ។

ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា កិច្ចប្រជុំរបស់ TWG-MA នឹងបម្រើជាវេទិកាសម្រាប់ការសន្ទនា ការដោះស្រាយបញ្ហាអន្តរវិស័យ និង ការជំរុញកិច្ចខិតខំប្រឹង ប្រែងរួមគ្នា ដើម្បីដោះស្រាយការគំរាមកំហែងនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) ព្រមទាំងលើកកម្ពស់សុវត្ថិភាព និងភាពធន់នៃប្រជាជនដែលងាយរងគ្រោះ។ កិច្ចប្រជុំរបស់ TWG-MA នេះមានគោលបំណងសម្រេចបាននូវគោលបំណងសំខាន់ៗមួយចំនួនរួមទាំងការបង្ហាញសមិទ្ធផលរួម បញ្ហាប្រឈម និងមេរៀនជាបទពិសោធន៍ដែលទទួលបានពីការអនុវត្តយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ ២០១៨-២០២៥ រួមជាមួយនិងទិសដៅយុទ្ធសាស្ត្រឆ្ពោះទៅមុខ។

ការធ្វើបច្ចុប្បន្នភាពលើការរៀបចំគោលនយោបាយជាតិសកម្មភាពមីនឆ្នាំ២០២៦-២០៣៥ នឹងចែករំលែកផែនការបោសសម្អាតមីន នៃសំណើសុំពន្យារពេលបោសសម្អាតមីនលើកទី៣ របស់កម្ពុជា ក្រោមអនុសញ្ញាអូតាវ៉ា ក៏ដូចជាការផ្តល់វេទិកាសម្រាប់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីវិធីពង្រឹងនឹងពង្រីកកិច្ច សហប្រតិបត្តិការ កំណត់ភាពប្រទាក់ក្រឡា និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងសម្រាប់ការអនុវត្តសកម្មភាព មីនប្រកបដោយជោគជ័យ។


ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា ការចូលរួមយ៉ាងផុលផុសពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះ ដែលតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកប្រទេសកម្ពុជាដែលគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ តាមរយៈការបន្តកិច្ចសន្ទនា កិច្ចសហការ និងការប្តេជ្ញាចិត្តរួមគ្នា ក្រុមការងារ TWG-MA និងជួយរៀបចំដំណាក់កាលបន្ទាប់នៃផែនការយុទ្ធសាស្ត្រ និងការសម្របសម្រួលប្រតិបត្តិការ។ កិច្ចប្រឹងប្រែងរួមគ្នា យើងអាចជម្នះលើបញ្ហាប្រឈមដែលនៅសេសសល់ និងធានាថាសកម្មភាពមីន នៅតែឆ្លើយ តបឱ្យបានទាន់ពេលវេលា ប្រកបដោយបរិយាបន្ន និងជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា៕
ដោយ សួស សំរិត





