ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងការរៀបចំពិធីចែកអំណោយដល់ជនងាយរងគ្រោះ ក្នុងខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានសាខាកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលបានផ្តល់អនុសាសន៍រៀបចំពិធីចែកអំណោយដល់ជនងាយរងគ្រោះនេះឡើង។

ឯកឧត្តមបណ្ឌិតបានធ្វើការថ្លែងអំណរគុណបែបនេះ ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះចំនួន១.៣២៩គ្រួសារ នៅបរិវេណសាលាស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្នុងនោះមកពីស្រុកឱរ៉ាល់ចំនួន ៣១៦គ្រួសារ ស្រុកថ្ពង ៣៣៤គ្រួសារ ក្រុងឧដ្ដុង្គម៉ែជ័យ ៣១១គ្រួសារ និងស្រុកសាមគ្គីមុនីជ័យ៣៦៨គ្រួសារ ខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិតពុំអាចបំភ្លេចបានឡើយនូវគុណូបការៈរបស់សម្តេចតេជា ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលតែងតែលះបង់កម្លាំងកាយ ចិត្ត ពេលវេលា អញ្ជើញជាអធិបតីនៃអង្គមិទ្ទីញថ្នាក់ជាតិរបស់កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៩ ព្រមទាំងទុកជាមរតកជូនអ្នកជំនាន់ក្រោយនូវស្មារតីនៃវប្បធម៌ចែករំលែក និងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ក្នុងសង្គមជាតិកម្ពុជាយើងជារៀងរហូតមក ព្រមទាំងបានឧបត្ថម្ភគាំទ្រឱ្យកាកបាទក្រហមកម្ពុជាមានភាពម្ចាស់ការផ្នែកហិរញ្ញវត្ថុស្ទើរទាំងស្រុងរហូតសព្វថ្ងៃនេះ។

នាឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមបណ្ឌិតអភិបាលខេត្ត ប្រធានសាខាកាកបាទក្រហមខេត្ត ក៏ដូចជាក្រុមការងារទាំងអស់ ដែលបានកិច្ចខំប្រឹងប្រែង និងជួយសម្រួលសុខទុក្ខការលំបាករបស់ប្រជាពលរដ្ឋគ្រប់មជ្ឃដ្ឋានក្នុងខេត្តកំពង់ស្ពឺ និងបាននាំនូវព្រះរាជសុវណីរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលតែងតែបានចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។

លោកជំទាវបន្តទៀតថា ការចូលរួមនេះគឺជាផ្នែក១សំខាន់ជាមួយរាជរដ្ឋាភិបាលដែលតែងតែគិតគូរដល់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនរបស់យើងដែរប្រើប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) គឺទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ហើយយើងអាចប្រើបណ្ណនេះយកទៅប្រើប្រាស់ ដើម្បីព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដោយមិនមានការបង់ប្រាក់ឡើយ។
ទន្ទឹមនឹងនេះ លោកជំទាវក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាព បរិភោគទឹកឆ្អិន និងរស់នៅមានអនាម័យល្អ ហើយដើមឆ្នាំ២០២៦ លោកជំទាវនិងអោយលោកគ្រូពេទ្យស្ម័គ្រចិត្តតេជោ ចុះមកជួយព្យាបាលជំងឺពុកម៉ែបងប្អូនដោយផ្ទាល់នៅនិងកន្លែងតែម្តង លោកជំទាវបានផ្តាំផ្ញើដល់ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ត្រូវទប់ស្កាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿងញៀន ក្មេងទំនើង ជាពិសេសអំពើហិង្សាក្នុងគ្រួសារ ព្រោះវាអាចធ្វើអោយប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ និងសង្គមរបស់យើង៕
ដោយ លឹម សាន្ត





