អាជ្ញាធរសន្យាដោះស្រាយឱ្យមានប្រសិទ្ធភាពចំពោះសំណូមពរប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈខណ្ឌចំការមន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥-- អាជ្ញាធររាជធានីភ្នំពេញបានសន្យាថានឹងដោះស្រាយឱ្យមានប្រសិទ្ធភាព ចំពោះរាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋដែលបានស្នើសុំឱ្យអាជ្ញាធរជួយ ដូចជា បញ្ហាទឹកលិចនៅពេលភ្លៀងម្ដងៗ បញ្ហា សំរាម បញ្ហា បង្គោលភ្លើង បញ្ហាកាប់មែកឈើ និងបញ្ហាសន្ដិសុខ សុវត្ថិភាពសាធារណៈជាដើម។ បញ្ហាទាំងអស់នេះគឺបម្រើដល់ផលប្រយោជន៍ និងតម្រូវការនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋានពិតប្រាកដ។

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌចំការមន នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមអធិបតីពី ឯកឯត្ដម ឯក ឃុន ដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ម៉ប់ សារិន បានបញ្ជាក់ថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋានសង្កាត់ខណ្ឌឱ្យបានល្អប្រសើរ។ ការកំណត់អាទិភាពនៃបញ្ហាប្រឈម និងសំណូមពរនេះ គឺបន្ទាប់ពីទទួលបានការលើកឡើងរបស់ប្រជាពលនៅមូលដ្ឋានតាមរយៈផ្ទាល់មាត់ និងជាលាយ លក្ខណ៍អក្សរនៅក្នុងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ។

ឯកឧត្ដម ឯក ឃុន ដឿន បានមានប្រសាសន៍ថា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌចំការមន មានប្រជាពលរដ្ឋស្នើឱ្យជួយដោះ ស្រាយប្រព័ន្ធលូរំដោះទឹកនៅក្នុងសាលាជំនាន់ថ្មីបឹងត្របែក ជួយដាក់មន្រ្តីនរគបាលសម្រួលចរាចរណ៍ នៅកន្លែងដែលមានផ្លូវខ្វាត់ខ្វែងច្រើន ជួយពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន និងការស្នើសុំដាក់លូ បន្ថែមនៅកន្លែងដែលមានទឹកលិចដោយទឹកភ្លៀង។ ចំពោះបញ្ហាដាក់លូថ្មីបានណែនាំឱ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បន្តចុះពិនិត្យជាក់ស្តែងនៅក្នុងសាលាជំនាន់ថ្មីបឹងត្រែងឱ្យបានលឿន ដើម្បីកុំឱ្យប៉ះពាល់ដល់ការរៀនសូត្ររបស់សិស្សានុសិស្ស។ រីឯសំណើសុំដាក់លូថ្មី នៅភូមិ១ សង្កាត់ទន្លេបាសាក់ គឺអាជ្ញាធរខណ្ឌចំកាមនត្រៀមចុះស្ថាបនានៅឆ្នាំ២០២៦ខាងមុខ។ ចំពោះសំណើសុំពន្លឿនការផ្តល់បណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ចំនួន២៧ឡូត៍ នៅភូមិ១០ សង្កាត់ទន្លេសាក់ ឯកឧត្ដមបានណែនាំក្រុមការងារខណ្ឌចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្តែង ហើយធ្វើរបាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីបន្ត។ ឯកឧត្តមក៏បានណែនាំឱ្យអធិការដ្ឋាននគរបាលខណ្ឌចំការ មន បន្តពង្រាយកម្លាំងនគរបាលចរាចរណ៍នៅតាមទីតាំងផ្លូវខ្វាត់ខ្វែងច្រើន ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាព។

សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ និងបំពេញតួនាទីយ៉ាងសកម្មក្នុងការស្តារ កសាង អភិវឌ្ឍមូលដ្ឋានឱ្យមានភាពរីកចម្រើនគ្រប់វិស័យ រួមមានការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការកសាងហេដ្ឋរចនាសម្ព័ន្ធ កែលម្អអនាម័យបរិស្ថាន ការផ្តល់សេវាសាធារណៈ សកម្មភាពមនុស្សធម៌ ការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ៕
ដោយ សួស សំរិត





