វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២៣០០កន្លែង ព្រមទាំងប្រាក់ឧបត្ថម្ភដល់យុវជនក្រីក្រ
AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥-- វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្ដល់អាហារូបករណ៍ចំនួន ២ ៣០០ កន្លែង លើ១៣មុខជំនាញ សំខាន់ៗ ដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ដើម្បីចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M)។ មិនតែប៉ុណ្ណោះ យុវជនគោលដៅទាំងនេះ ក៏នឹងទទួលបាន ប្រាក់ឧបត្ថម្ភប្រចាំខែ ពីរាជរដ្ឋាភិបាលផងដែរ។

កម្មវិធីអាហារូបករណ៍នេះគឺជាការជំរុញដ៏សំខាន់មួយ ដើម្បីផ្ដល់ឱកាសដល់យុវជនដែលខ្វះខាត ឱ្យទទួលបាននូវជំនាញជាក់លាក់ និងមានគុណភាព ដោយឥតគិតថ្លៃ ដែលជាកត្តាចម្បងក្នុងការកសាងជីវភាពកាន់តែប្រសើរ និងឆាប់មានការងារធ្វើសមរម្យ។

វិទ្យាស្ថានបានផ្ដល់ការបណ្ដុះបណ្ដាលលើមុខជំនាញចម្រុះជាច្រើន ដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ រួមមាន៖ ការផ្សារលោហៈដោយធ្នូអគ្គិសនី (ធូប) ការផ្សារឧស្ម័ន ការផលិតនំការថែទាំ និងជួសជុលរថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំ និងជួសជុលទោចក្រយានយន្ត ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មរដ្ឋបាល សេវាកម្មកុំព្យូទ័រ ការដំឡើង និងថែទាំបណ្តាញកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការកែច្នៃបន្លែ និងផ្លែឈើ។


ព័ត៌មានបន្ថែមសម្រាប់ការចុះឈ្មោះ សម្រាប់ប្រជាពលរដ្ឋ និងយុវជនដែលមិនមែនជាក្រុមគោលដៅ (គ្រួសារក្រីក្រ/ងាយរងហានិភ័យ) ក៏អាចស្នើចុះឈ្មោះចូលសិក្សាបាន ដោយឥតគិតថ្លៃផងដែរ ប៉ុន្តែពុំទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែឡើយ។ កាលបរិច្ឆេទចាប់ផ្ដើមសិក្សា៖ វគ្គសិក្សាថ្មីនឹងចាប់ផ្ដើម រៀងរាល់ដើមខែ នីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់៖ ទូរសព្ទលេខ៖ ០៩៥ ៩៣៤ ៤៤៧/០១៧ ៧៥០ ៥០៥/០១២ ៣៩៦ ៩៥៦/០៩៣ ៦០៥ ៤៨៨ ឬអញ្ជើញមកវិទ្យាស្ថានដោយផ្ទាល់ដែលមានអាសយដ្ឋាន៖ ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ផ្លូវចូលវត្តភ្នំជញ្ជាំង)។ សូមរួសរាន់ឡើងដើម្បីចាប់យកឱកាសដ៏ល្អនេះ ក្នុងការកសាងសមត្ថភាពជំនាញពិតប្រាកដសម្រាប់អនាគត៕
ដោយ ឈុន សារ៉ាត





