ទីក្រុង អ៊ូស៊ី និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម
AKP ព្រះសីហនុ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកកិច្ចប្រជុំផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងទីក្រុងអ៊ូស៊ី និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅសណ្ឋាគារ NOVOTEL Resort ក្រុងព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក Du Xiao Gang លេខាបក្សទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ លោក Sun Wei អភិបាលរងទីក្រុងអ៊ូស៊ី និងលោក Ke Xue ប្រធានការិយាល័យកុងស៊ុលសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តព្រះសីហនុ ធុរជន និងអ្នកវិនិយោគក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាស្ពាន និងជាវេទិកាបង្កើតទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅក្នុងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងសុខាភិបាលរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ ទីក្រុងអ៊ូស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

ម៉្យាងវិញទៀតសម្តេចតេជោ ហ៊ុន សែន តែងតែមានប្រសាសន៍លើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ គឺជាកូនដែលសម្តេច និងឯកឧត្តម ប្រធានាធិបតី ស៊ី ជិនពីង ជាអ្នកបង្កើតឡើង។ កិច្ចប្រជុំនាពេលនេះបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាពជា «មិត្តដែកថែប ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី» ដែលជាលទ្ធផល នៃភាពស៊ីសង្វាក់គ្នារវាងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលប្រទេសទាំងពីរបានប្ដេជ្ញាគាំទ្រគ្នាទៅវិញទៅមកយ៉ាងពេញទំហឹង ក្នុងការការពារអធិបតេយ្យ សន្តិសុខ ផលប្រយោជន៍ និងការអភិវឌ្ឍរួមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកាន់តែទូលំទូលាយ កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ជាពិសេសភាគីទាំងពីរនឹងបន្តជំរុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន និងពន្លឿនការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានបន្តថា កិច្ចប្រជុំមានការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទីក្រុង អ៊ូស៊ី និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាពេលនេះប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា ហើយបេសកកម្មរបស់រដ្ឋបាលខេត្តព្រះសីហនុ គឺ៖ ១. “ភាពជោគជ័យរបស់លោកអ្នក គឺជាភាពរីករាយរបស់យើងខ្ញុំ” ២. “សូមរួមគ្នាជាមួយរដ្ឋបាលខេត្តព្រះសីហនុ ឈានឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា” ក្នុងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងសុខាភិបាលរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ ទទួលបានលទ្ធផលផ្លែផ្កា។

កិច្ចប្រជុំនេះមានធុរជន និងអ្នកវិនិយោគិនប្រមាណជាង៨០នាក់ មកពី៣០ក្រុមហ៊ុន ដើម្បីសម្របសម្រួលការងារដោយបង្កឱកាសវិនិយោគស្របតាមច្បាប់ ឆាប់រហ័ស ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់៕
ដោយ ងូ សុមុនី





