តំបន់ទេសចរណ៍ធម្មជាតិកំពង់ភ្លុកបង្ហាញសម្រស់ទាក់ទាញភ្ញៀវទេសចរនាពេលទឹកទន្លេឡើង
AKP សៀមរាប ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥-- តំបន់ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កំពុងតែទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្តជាច្រើនក្នុងមួយថ្ងៃៗ នារដូវទឹកទន្លេឡើង។ តំបន់ទេសចរណ៍កំពង់ភ្លុកជាគោលដៅទេសចរណ៍ធម្មជាតិ ដែលមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅកម្សាន្ត។ កំពង់ភ្លុក មានទេសភាពព្រៃលិចទឹក ផ្ទះប្រជាពលរដ្ឋ ដែលហ៊ុមព័ទ្ធដោយផ្ទៃទឹកខៀវស្រងាត់នៅជុំវិញនៅក្នុងបឹងទន្លេសាបដ៏ស្រស់ស្អាតនារដូវវស្សានេះ។

ប្រជាពលរដ្ឋរស់នៅមូលដ្ឋាននេះមួយចំនួនធំ កំពុងមានការងារធ្វើ និងប្រកបមុខរបររកស៊ីទទួលបានប្រាក់កម្រៃសមរម្យពី វិស័យទេសចរណ៍។ ពេលធ្វើដំណើរទៅដល់ភូមិឋានដ៏ស្រស់ស្អាតមួយនេះ ភ្ញៀវទេសចរអាចជិះទូកតូចៗទស្សនា នៅក្រោមម្លប់ព្រៃឈើលិចទឹកដ៏ត្រជាក់។ ក្រៅពីនេះ នៅពេលល្ងាច គេអាចទស្សនាថ្ងៃលិចនៅលើផ្ទៃទឹកដ៏ស្រស់ស្អាត។ នៅពេលយប់ភ្ញៀវទេសចរអាច ស្នាក់នៅទីនោះបាន ដោយសហគមន៍មានផ្ទះស្នាក់នៅ រៀបចំយ៉ាងស្អាត និងមានផាសុកភាព។

កំពង់ភ្លុកត្រូវបានភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរបរទេសដែលបានទៅកម្សាន្តទីនោះមានការ ពេញចិត្តទៅនឹងបរិយាកាសដ៏ត្រជាក់បរិសុទ្ធ នៅលើផ្ទៃទឹកដ៏ថ្លាយង់ និងសំណង់ផ្ទះបណ្ដែតទឹក ព្រៃលិចទឹកលាតសន្ធឹងយ៉ាងឆ្ងាយ។

សូមជម្រាបថា តំបន់ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានចម្ងាយពីរួមខេត្តសៀមរាបប្រមាណជាង១០គីឡូម៉ែត្រប៉ុណ្ណោះ។ ដូចនេះសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តនៅខេត្តសៀមរាប កុំទៅកម្សាន្តនៅកំពង់ភ្លុក ខណៈរដូវនេះកំពុងតែបង្ហាញពីភាពស្រស់ស្អាត និងធ្វើឱ្យអារម្មណ៍លោកអ្នកស្រស់ស្រាយ៕
ដោយ ឃុត សៅ





