គុយបាបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តចំពោះការពង្រឹងអំណាចស្ត្រី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ -- ប្រទេសគុយបាបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី។
លោកស្រី ថេរេសា អាម៉ារែលឡេ ប៊ូអេ (Teresa Amarelle Boue)អគ្គលេខាធិការនៃសហព័ន្ធស្ត្រីគុយបា (FMC) បានសំដៅទៅលើសេចក្តីប្រកាស និងវេទិកាសម្រាប់សកម្មភាពរបស់ទីក្រុងប៉េកាំង ដែលបានអនុម័តដោយប្រទេសចំនួន១៨៩ កាលពី ៣០ឆ្នាំមុន ក្នុងអំឡុងពេលនៃការចូលរួមរបស់លោកស្រីនៅក្នុងកិច្ចប្រជុំកំពូលស្ត្រីពិភពលោក។
លោកស្រី អាម៉ារែលឡេ បានសង្កត់ធ្ងន់ថា ប្រទេសគុយបាបានអះអាងសារជាថ្មីថា ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ សមភាពជាសសរស្តម្ភសំខាន់នៃការផ្តល់សិទ្ធិអំណាចដល់ស្ត្រី បើទោះបីជាមានផលប៉ះពាល់នៃវិធានការបង្ខិតបង្ខំដែលដាក់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយ។
លោកស្រីក៏បានកត់សម្គាល់ផងដែរថា ស្ត្រីតំណាងឱ្យ ៥៦,៧% នៃសមាជិកសភា ៥៣% នៃកម្លាំងការងារវិទ្យាសាស្ត្រ និង ៨០% នៃព្រះរាជអាជ្ញា និងចៅក្រម ដោយធ្វើឱ្យប្រទេសគុយបា គឺជាស្តង់ដារសកលលោកសម្រាប់សមភាពយេនឌ័រ។
លោកស្រី អាម៉ារែលឡេ បានបញ្ជាក់ថា គោលនយោបាយសាធារណៈដែលបានអនុវត្តនៅលើប្រទេសកោះនេះ បានបង្រួបបង្រួមសមិទ្ធិផលសង្គមក្រោមគោលការណ៍មិនទុកនរណាម្នាក់ចោល ដោយចាត់ទុកសមធម៌មិនត្រឹមតែជាសិទ្ធិប៉ុណ្ណោះទេ ប៉ុន្តែជាលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពជាមួយនឹងយុត្តិធម៌សង្គម៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ប្រេនសាឡាទីណា)





