លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី និងអនុប្រធានសហព័ន្ធស្រ្តីទូទាំងចិន ជួបពិភាក្សាការងារដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការងារលើកកម្ពស់សមភាពយេនឌ័រ និងតួនាទីស្រ្តី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥-- ក្នុងអំឡុងពេលនៃកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី (Global Leaders’ Meeting on Women) នៅទីក្រុងប៉េកាំង នាពេលថ្មីៗនេះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានជួបជាមួយលោកជំទាវ លីន យី អនុប្រធានសហព័ន្ធស្រ្តីទូទាំងចិន ក្នុងជំនួបបាយថ្ងៃត្រង់ទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការងារលើកកម្ពស់សមភាពយេនឌ័រ និងតួនាទីស្រ្តី។

ភាគីទាំងពីរបានពិភាក្សាអំពីការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើកកម្ពស់សមភាពយេនឌ័រ» ព្រមទាំងវឌ្ឍនភាពនៃការអនុវត្តគម្រោង “Small Yet Smart” និងយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីបានអបអរសាទរចំពោះការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ស្តីពីស្រ្តី ដែលប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ និងបានកោតសរសើរចំពោះសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំ ដែលបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តជាសកលចំពោះសមភាពយេនឌ័រ ក្នុងនោះ ប្រទេសចិនបានប្រកាសនូវគំនិតផ្តួចផ្តើមសំខាន់ៗដូចជា កម្មវិធីបណ្តុះបណ្តាល គម្រោងអភិវឌ្ឍន៍ និងការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការថ្មី ដើម្បីពន្លឿនការផ្តល់ភាពអង់អាចដល់ស្ត្រីនៅទូទាំងពិភពលោក។

លោកជំទាវកិត្តិបណ្ឌិត និងលោកជំទាវ អនុប្រធាន បានកត់សម្គាល់ចំពោះការវិវត្តន៍មិនសូវលឿន និងការថយចុះមួយចំនួននៃវឌ្ឍនភាពក្នុងការលើកកម្ពស់ស្ថានភាពស្រ្តី ក្នុងបរិបទពិភពលោកមិនប្រាកដប្រជា ជាពិសេសនៅពេលមានសង្រ្គាម ស្រ្តី និងក្មេងស្រីតែងតែជាជនរងគ្រោះ។
ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីបានស្នើសុំភាគីចិនដែលជាប្រទេសផ្តល់តម្លៃខ្ពស់លើសន្តិភាពពិពភលោក ជួយតាមដានជាប្រចាំនូវបទឈប់បាញ់រវាងប្រទសកម្ពុជា-ថៃ ដើម្បីស្តារប្រក្រតីភាព និងសន្តិភាពយូរអង្វែងឡើងវិញ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





