សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបង្កើនការត្រៀមខ្លួនតាមរយៈប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងជាមុន ដើម្បីដោះស្រាយគ្រោះមហន្តរាយដែលកំពុងកើតមានឡើងជាបន្តបន្ទាប់
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥--ដើម្បីឱ្យកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងគ្រោះមហន្តរាយកាន់តែមានប្រសិទ្ធភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យបង្កើនការត្រៀមខ្លួនតាមរយៈប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងជាមុន និងសមត្ថភាពព្យាករណ៍កាន់តែរឹងមាំដើម្បីដោះស្រាយគ្រោះមហន្តរាយដែលកំពុងកើតមានឡើងជាបន្តបន្ទាប់។

ថ្លែងបើក កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានសើ្នឱ្យមានការលើកកម្ពស់ភាពជាអ្នកដឹកនាំដៃគូពហុភាគី ដោយមានការចូលរួមពីវិស័យឯកជន អ្នកសិក្សាស្រាវជ្រាវនិងសង្គមស៊ីវិលដើម្បីជំរុញនវានុវត្តន៍និងកៀរគរធនធាន និងការប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ រួមទាំងបញ្ញាសិប្បនិមិត្តAI ឧបករណ៍ភូមិសាស្ត្រនិងការវិភាគទិន្នន័យដើម្បីបង្កើនភាពជាក់លាក់ និងប្រសិទ្ធភាពទៅនឹងការឆ្លើយតបគ្រោះមហន្តរាយ។
លើសពីនេះទៅទៀត ក៏ត្រូវមានការពង្រឹងទំនាក់ទំនងជាសាកលតាមរយៈការកសាងភាពជាដៃគូរបស់អាស៊ានជាមួយស្ថាប័នអន្តរជាតិ ដូចជា ការិយាល័យសហប្រជាជាតិដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ដើម្បីរៀបចំយុទ្ធសាស្ត្រឱ្យស្របទៅនឹងក្របខណ្ឌសេនដាយ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យមានការចែករំលែកចំណេះដឹងឧត្តមានុវត្តន៍ និងមេរៀនរបស់អាស៊ានជាមួយតំបន់ផ្សេងទៀត ពិសេសការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយតាមសហគមន៍ និងកិច្ចសហប្រតិបត្តិការឆ្លងដែន។
បើតាម សម្តេចធិបតីនាយករដ្ឋមន្រ្តី កម្ពុជាប្តេជាចិត្តយ៉ាងរឹងមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកនិងដៃគូទាំងអស់ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ពាក់ព័ន្ធក្របខណ្ឌគ្រប់គ្រងគ្រោះមហន្តរាយ និងជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





