កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យសម្របសម្រួល និងដឹកជញ្ជូនពលរដ្ឋខ្មែរ២១នាក់ ពីថៃ ដល់ផ្ទះដោយសុវត្ថិភាព ក្រោយបារម្ភពីសុវត្ថិភាព និងការរើសអើង
AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥--កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះជួយសម្របសម្រួលដល់ការឆ្លងដែន និងបានប្រើប្រាស់រថយន្តដឹកជញ្ជូន ពលរដ្ឋខ្មែរសរុប ២១នាក់ (ស្រី១៣នាក់) ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ទៅកាន់លំនៅឋានរបស់ពួកគាត់តាមបណ្តាខេត្តនានាប្រកបដោយសុវត្ថិភាព កាលពីថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ បន្ទាប់ពីពលរដ្ឋទាំងនោះបានសម្រេចចិត្តវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ដោយសារតែមានក្តីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន និងការរើសអើងពីសំណាក់ក្រុមជនជ្រុលនិយមថៃ ក្នុងអំឡុងពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែបន្តភាពតានតឹង។

ការចុះជួយសម្របសម្រួលនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរងផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកាន់កម្ពុជាតាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង។

ជាលទ្ធផល នៅថ្ងៃពុធនោះ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៤៖០០នាទីល្ងាច ពលរដ្ឋខ្មែរវិលត្រឡប់សរុបមានចំនួន២១នាក់ (ស្រី១៣នាក់)។ កម្លាំងនគរបាលបានប្រើប្រាស់រថយន្តចំនួន០២គ្រឿង ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន នៅតាមបណ្តាខេត្តចំនួន០៤គឺ ខេត្តបន្ទាយមានជ័យ ១៤នាក់ (ស្រី០៧នាក់) សៀមរាប០៣នាក់ (ស្រី០២នាក់) បាត់ដំបង០៣នាក់ (ស្រី ០៣នាក់) ខេត្តកំពង់ធំ ០១នាក់ (ស្រី០១នាក់)។ យោងតាមការលើកឡើងរបស់ពលរដ្ឋខ្មែរដែលបានវិលត្រឡប់មកវិញ ពួកគេបានសម្រេចចិត្តចាកចេញពីប្រទេសថៃ គឺដោយសារតែក្តីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងបរិបទដែលជម្លោះព្រំដែនកំពុងតានតឹង។ ពលរដ្ឋមួយចំនួនបានលើកឡើងថា ពួកគេបានប្រឈមនឹងការរើសអើង ការមាក់ងាយ និងការធ្វើបាបពីសំណាក់ក្រុមជនជ្រុលនិយមថៃ ខណៈដែលស្ថានការណ៍នៅតាមព្រំដែនមានការផ្ទុះអាវុធឡើង។ ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា «ក្នុងនាមជាកងកម្លាំងរបស់រាជរដ្ឋាភិបាល យើងខ្ញុំត្រូវតែបំពេញតួនាទីយ៉ាងសកម្ម ដើម្បីធានាបាននូវសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់។ ការដឹកជញ្ជូននេះ គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំជាតិ និងកម្លាំងនគរបាលជាតិ ក្នុងការផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាពដល់បងប្អូនពលករដែលសម្រេចចិត្តវិលត្រឡប់មកផ្ទះវិញ ដោយមិនទុកឱ្យពួកគាត់ប្រឈមនឹងគ្រោះថ្នាក់ ឬការលំបាកណាមួយនៅតាមដងផ្លូវនោះឡើយ»។ លោកស្នងការក៏បានអំពាវនាវដល់បងប្អូនពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរនៅពេលធ្វើដំណើរ។

ពលរដ្ឋខ្មែរទាំង២១នាក់ ដែលបានវិលត្រឡប់មកដល់ស្រុកកំណើតដោយសុវត្ថិភាព បានសម្តែងក្តីរំភើបរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងនគរបាលជាតិ ដែលបានផ្តល់ការគាំពារ និងជួយសម្របសម្រួលដឹកជញ្ជូនពួកគេដល់ផ្ទះសម្បែងដោយមិនគិតថ្លៃ។ «យើងខ្ញុំពិតជាភ័យខ្លាចណាស់ ដោយសារតែមានការវាយដំ និងរើសអើងខ្លាំងពីជនជាតិថៃមួយចំនួន ពេលមានបញ្ហាព្រំដែននេះ។ តែពេលមកដល់ស្រុកកំណើតវិញ ឃើញអាជ្ញាធរ និងប៉ូលិសខ្មែរយើងយកចិត្តទុកដាក់ខ្លាំងណាស់ មានការសម្របសម្រួលតាំងពីច្រកទ្វារ និងជួយដឹកទៅដល់ផ្ទះទៀត។ នេះជាការយកចិត្តទុកដាក់មួយដែលធ្វើឱ្យពួកខ្ញុំមានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាពពេញលេញ» ពលរដ្ឋម្នាក់ក្នុងចំណោមអ្នកដែលវិលត្រឡប់មកវិញបានថ្លែងទាំងទឹកមុខរលីងរលោង។

សូមបញ្ជាក់ថាសកម្មភាពមនុស្សធម៌នេះ គឺការឆ្លើយតបដ៏សមស្របរបស់អាជ្ញាធរកម្ពុជា ចំពោះការអំពាវនាវរបស់រាជរដ្ឋាភិបាល ដែលបានស្នើឱ្យពលករខ្មែរវិលត្រឡប់មកប្រទេសវិញ ប្រសិនបើមានការរើសអើង ឬធ្វើបាបណាមួយ ដើម្បីធានាសុវត្ថិភាព និងបន្តស្វែងរកឱកាសការងារជូនពួកគេនៅក្នុងប្រទេសវិញ៕
ដោយ ឈុន សារ៉ាត





