ខេត្តព្រះសីហនុ និងក្រុងអ៊ូស៊ី បង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ ទេសចរណ៍
AKP ព្រះសីហនុ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥-- ខេត្តព្រះសីហនុ និងក្រុងអ៊ូស៊ី បង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ ទេសចរណ៍ កាលពីរសៀលថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ ក្នុងជំនួបសម្តែងការគួរសមរវាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយលោក ទូ សៀវកាង (Du Xiao Gang) លេខាបក្សក្រុងអ៊ូស៊ី នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានជម្រាបជូនពីសក្តានុពល និងវិទ្យាសាស្រ្តរបស់ខេត្តព្រះសីហនុ ស្ថិតនៅភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា មានសក្តានុពលដ៏សម្បូរបែប មានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លវអាកាស។ ផ្លូវទឹកមានកំពង់ផែអន្តរជាតិចំនួន៣ ជាពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុត្រូវបានធ្វើការអភិវឌ្ឍជា៣ដំណាក់កាលគឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ឱ្យមានជម្រៅទឹក១៧,៥០ម៉ែត្រ។ ផ្លូវគោកមានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក។ ផ្លូវអាកាសមានព្រលានយន្តហោះអន្តរជាតិមានផ្លូវរត់ប្រវែង៣ ៣០០ម៉ែត្រ។ ឆ្នាំ២០២៥នេះ មានជើងហោះហើរត្រង់មកពីប្រទេសចិនដូចជា ទីក្រុងអ៊ូស៊ី ទីក្រុងគួនមីង ទីក្រុងហ្សិនជិន និងទីក្រុងម៉ាកាវ មកកាន់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ហើយសង្ឃឹមថានឹងមានជើងហោះហើរថ្មីៗបន្ថែមទៀតមកកាន់ខេត្តព្រះសីហនុនៅពេលខាងមុខ។ រាជរដ្ឋាភិបាលបានរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយចែកជា៤ហ្សូន ១. តំបនឧស្សហកម្ម និងភស្តុភាកម្ម ច្រកចេញចូលអន្តរជាតិមានទំនាក់ទំនងទៅនឹងទីផ្សារអន្តរជាតិ ២.ទីក្រុងសមាហរណកម្ម តំបន់រស់នៅ ពាណិជ្ជកម្ម ឬទីក្រុងហិរញ្ញវត្ថុអន្តរជាតិ ៣. ទេសចរណ៍ធម្មជាតិ (តំបន់កោះ) និង៤. តំបន់កសិកម្ម វារីវប្បកម្ម ការកែច្នៃផលនេសាទ។ កាលពីឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ (សម្រាប់ខេត្តព្រះសីហនុ) នូវអត្ថប្រយោជន៍៖១. ការលើកទឹកចិត្តផ្នែកពន្ធ គឺផ្តល់ការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល ៣ឆ្នាំ និងពន្ធផ្សេងៗទៀត។ ២. ការគាំទ្រផ្នែករដ្ឋបាល គឺលើកលែងការបង់ថ្លៃសេវាសាធារណៈ ការសម្រួលនីតិវិធីលិខិតអនុញ្ញាតសាងសង់ ការសម្រួលបែបបទ នីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា។ ក្រោមកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងក្រុងអ៊ូស៊ី ជំរុញកិច្ចសហប្រតិបត្តិការដោយផ្អែកតាមគោលការណ៍ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ភាគីទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំ និងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ខេត្តជាំងស៊ូ បានជួយសាងសង់អគារសិក្សានៅសាលាបឋមសិក្សា-អនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ។ ទន្ទឹមនោះបង្កើនជើងហោះហើរ ត្រង់ពីទីក្រុងអ៊ូស៊ី មកកាន់ខេត្តព្រះសីហនុ ដើម្បីជំរុញអ្នកវិនិ យោគមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យបាន ៣០០ក្រុមហ៊ុន ក្នុងពេលឆាប់ៗនេះ រួមទាំងការដឹកជញ្ជូនត្រង់ពីកំពង់ផែជាំងអ៊ិន មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លោក ទូ សៀវកាង (Du Xiao Gang) លេខាបក្សក្រុងអ៊ូស៊ី បានថ្លែងអំណរគុណការទទួលស្វាគមន៍ប្រតិភូក្រុងអ៊ូស៊ី និងក្រុមហ៊ុនរដ្ឋមកកាន់ខេត្តព្រះសីហនុ គោលបំណងមកទស្សនកិច្ចនាពេលនេះ ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការជាមួយគ្នាតាមរយគោលបំណងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលមានសម្តេចព្រះនរោតម្ត សីហនុ ព្រះបរមរតនកោដ្ឋ បន្តមកសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានធ្លាប់មកទស្សនកិច្ចទីក្រុងអ៊ូស៊ី។

ជាពិសេសដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន មកកម្ពុជា ធ្វើឱ្យខេត្តព្រះសីហនុ និងទីក្រុងអ៊ូស៊ីមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ធ្វើឱ្យខេត្តព្រះសីហនុចាប់យកឱកាសទាក់ទាញអ្នកវិនិយោគិនចិន និងធ្វើឱ្យទំនាក់ទំនងរវាងផ្លូវសមុទ្រនៃប្រទេសទាំងពីរមានការកើនឡើង។ ដូច្នេះឆ្នាំនេះគឺជាឆ្នាំល្អក្នុងការបង្កើតកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ ពាណិជ្ជកម្មការនាំចេញ នាំចូលជាដើម ក្រុងអ៊ូស៊ី និងជួយជំរុញតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លើវិស័យទេសចរណ៍ អប់រំ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងវិស័យឧស្សាហកម្មធុនធ្ងន់។

លោក Du Xiao Gang សង្ឃឹមថា ការហោះហើរត្រង់ និងផ្លូវសមុទ្ររវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត ហើយដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បីរៀនសូត្រស្វែងយល់បន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការរវាងក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុ។ ក្នុងជំនួបពិភាក្សាក៏មានចុះហត្ថលេខាលើលិខិតផ្តួចផ្តើមស្តីពីបង្កើតទំនាក់ទំនងទីក្រុងសម្ព័ន្ធមេត្រីភាពរវាងក្រុងកំពង់សោម ខេត្តព្រះសីហនុ និងស្រុកស៊ីសាននៃទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ (ប្រទេសចិន) ផងដែរ៕
ដោយ ងូ សុមុនី





