សម្ដេច ម៉ែន សំអន៖ ក្រសួងការពារប្រទេសវៀតណាម គាំទ្រស្តូបមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា សាកសមជាមិត្ដដ៏ល្អ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ក្រសួងការពារជាតិវៀតណាម គាំទ្រស្តូបមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ពិតជាសាកសមជាមិត្ដដ៏ល្អយូរអង្វែងណាស់ បញ្ជាក់ប្រាប់កូនចៅជំនាន់ក្រោយៗ ត្រង់រូបភាព មិត្ដភាពស្ដូបនេះតែម្ដង។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈប្រតិភូ ស្តីពីការអនុវត្តគម្រោងសាងសង់ ជួសជុល កែលម្អ លើកសោភ័ណភាពស្តូបមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហូជីមិញ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។


ក្នុងកិច្ចប្រជុំនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអរគុណចំពោះចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋាភិបាលវៀតណាមក្នុងការសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់នាពេលអនាគត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសវៀតណាម ក្នុងការពង្រឹងកិច្ចសហការរវាងប្រទេសទាំង២កាន់តែឱ្យរឹងមាំ ស្របតាម ទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហការប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
ឯកឧត្តម ឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអរគុណចំពោះក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានរបស់កម្ពុជា ដែលបានសហការយ៉ាងសកម្មដើម្បីអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។


នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានឯកភាព ចុះហត្ថលេខាកំណត់ហេតុទី៨នេះ ដែលភាគីកម្ពុជា តំណាងដោយ ឯកឧត្តម ញ៉ែម វ៉ាលី អគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតិភូមិកម្ពុជា និងភាគីវៀតណាម តំណាងដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស៕

ដោយ សួស សំរិត





