គ្រោះទឹកជំនន់នៅតែបន្តកើតមានក្នុងខេត្តចំនួន១៧ នៅទូទាំងប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ -- គ្រោះទឹកជំនន់បានបន្តនៅក្នុងខេត្តចំនួន១៧ នៅទូទាំងប្រទេសថៃ ដែលភាគច្រើននៅតំបន់ទំនាបកណ្តាលនិងភាគខាងជើង ដោយកម្រិតទឹកកើនឡើងតែនៅក្នុងខេត្តស៊ូផាន់បុរី ខណៈដែលខេត្តផ្សេងទៀតនៅមានស្ថិរភាព ឬស្រកខ្លះៗ។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបានរាយការណ៍ថាប្រជាពលរដ្ឋនៅក្នុងខេត្តទំនាបកណ្តាលចំនួន៨ គឺខេត្តអ៊ុតថៃថានី ខេត្តចៃណាត ខេត្តស៊ីងបុរី ខេត្តអាងថុង ខេត្តស៊ូផាន់បុរី ខេត្តអាយុធ្យា ខេត្តប៉ាធុមថានី និងខេត្តនគរភ្នំ នៅតែរងផលប៉ះពាល់។
នៅតំបន់ទំនាបកណ្តាល កម្រិតទឹកជំនន់កំពុងកើនឡើងតែនៅក្នុងខេត្តស៊ូផាន់បុរី ជាពិសេសនៅក្នុងស្រុកមឿង ស្រុកបាងផាម៉ា ស្រុកសុងភីណង ស្រុកដនជេឌី ស្រុកឌឿមបាងណាងប៊ុត ស្រុកអ៊ុតថង ស្រុកណាងយ៉ាសៃ ស្រុកសាមជុក និងស្រុកដានចាង។ នៅតំបន់ផ្សេងៗទៀត កម្រិតទឹកជំនន់នៅតែមានស្ថិរភាព ឬចាប់ផ្តើមស្រកចុះខ្លះៗហើយ។
នៅភាគឦសាន កម្រិតទឹកនៅមិនផ្លាស់ប្តូរនៅក្នុងខេត្តអ៊ូប៊ុនរ៉ាត់ចាថានីនិងខេត្តអ៊ូដុនថានី ប៉ុន្តែស្ថានភាពទឹកនៅក្នុងខេត្តជ័យភូមិបានស្រកចុះ។ នៅភាគខាងកើត ទឹកជំនន់នៅក្នុងខេត្តឆាឆឹងសៅត្រូវបានកម្រិតត្រឹមស្រុកបាងណាំព្រែ ដែលកម្រិតទឹកបានស្រកចុះខ្លះ។
នាយកដ្ឋានបាននិយាយថា មនុស្សប្រហែល ៣៤០.០០០នាក់បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅក្នុងខេត្តចំនួន១៧ ដោយមានអ្នកស្លាប់ចំនួន ១១នាក់ត្រូវបានរាយការណ៍៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





