ប្រទេសម៉ាឡេស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧
AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ -- យោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាដ ហាសាន់ (Mohamad Hasan)បានឱ្យដឹងថា ឯកសារលទ្ធផលសរុបចំនួន៨៤ ត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ចេញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
លោក ម៉ូហាម៉ាដ បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីបានត្រួតពិនិត្យការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលថ្មីៗនេះថា នេះជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះក្នុងការពង្រឹងទិសដៅសហគមន៍ក្នុងតំបន់ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា កិច្ចប្រជុំកំពូលនៅក្នុងឆ្នាំនេះក៏នឹងដាក់ចេញនូវវិធីសាស្រ្តថ្មីមួយផងដែរ ដោយបណ្តារដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចនឹងរួមគ្នាចូលរួមក្នុងកិច្ចប្រជុំពិភាក្សាទូទៅដើម្បីធ្វើការសម្រេចជាលើកដំបូង។ ហេតុដូច្នេះហើយ ម៉ាឡេស៊ីមានគោលបំណងតម្រឹមសេចក្តីសម្រេចដែលធ្វើឡើងដោយរដ្ឋមន្ត្រីសេដ្ឋកិច្ច ហើយធានាថាវិធីសាស្រ្តនោះនឹងត្រូវបានយកមកពិចារណាដោយរដ្ឋមន្ត្រីការបរទេស។
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលនេះ កិច្ចប្រជុំសហគមន៍ការបំភាយឧស្ម័នសូន្យរបស់អាស៊ានជាមួយដៃគូសន្ទនាអូស្ត្រាលី និងជប៉ុន ក៏នឹងត្រូវប្រារព្ធធ្វើឡើងផងដែរ ក្នុងគោលបំណងបង្កើតតំបន់នេះជាសហគមន៍គ្មានការបញ្ចេញឧស្ម័នពុល។ គណៈប្រតិភូទាំងអស់ត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-សហរដ្ឋអាមេរិក និងការពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (FTA) ៣.០។
លោក ម៉ូហាម៉ាដ បាននិយាយថា លោកនឹងធ្វើជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែតុលា ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ រួមទាំងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ(TAC) និងការចូលជាសមាជិកភាពរបស់ប្រទេសទីម័រឡេស្តេ។
នៅក្នុងពេលនោះដែរ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានត្រួតពិនិត្យទីកន្លែងនៃកិច្ចប្រជុំកំពូល រួមទាំងការរៀបចំសាលសន្និសីទ កន្លែងប្រព័ន្ធផ្សព្វផ្សាយ និងការរៀបចំសន្តិសុខជាដើម៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





