ឯកឧត្តម នួន ផារ័ត្ន៖ ទោះបីប្រទេសជិតខាងយើងនៅតែចិញ្ចឹមចិត្តចង់បានទឹកដីរបស់យើងយ៉ាងណាក៏ដោយ ឬអំពើអាក្រក់យ៉ាងណាក៏ដោយជាការចាំបាច់យើងត្រូវបើកចិត្តឱ្យទូលាយ
AKP កំពង់ធំ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥-- ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ០១ខ្សែ ប្រវែង១៥៥០ម៉ែត្រ ទទឹង ០៦ម៉ែត្រ តភ្ជាប់ពីភូមិក្រចាប់ទៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីបច្ចុប្បន្នភាពសភាពការណ៍ព្រំដែនជាមួយប្រទេសថៃថាទោះបីជាប្រទេសជិតខាងយើងនៅតែចិញ្ចឹមចិត្តចង់បានទឹកដីរបស់យើងយ៉ាងណាក៏ដោយ ឬក៏ធ្វើអំពើអាក្រក់យ៉ាងណាក៏ដោយ ជាការចាំបាច់យើងត្រូវបើកចិត្តឱ្យទូលាយ ហើយរួមគ្នាជំរុញការកសាងនូវព្រំដែនមួយដែលមានសន្តិភាព និងប្រក្រតីភាពឡើងវិញដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។

ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍ថា ការកសាងនូវព្រំដែនមួយដែលមានសន្តិភាព និងប្រក្រតីភាពឡើងវិញនេះក៏ភ្ជាប់មកនូវគោលការណ៍មួយចំនួនដែលយើងត្រូវចងចាំទុកផងដែររួមមាន៖ ទី១. យើងមិនត្រូវភ្លេចនូវរាល់ទង្វើអាក្រក់ដែលគេបានធ្វើមកលើយើងនិងការមាក់ងាយរបស់គេមកលើយើងនោះទេ ប៉ុន្តែយើងត្រូវប្រែក្លាយកំហឹង និងការឈឺចាប់ទាំងនេះមកជាការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ប្រឹងប្រែងបំពេញភារកិច្ច ប្រឹងប្រែងអភិវឌ្ឍខ្លួនឯង ស្រឡាញ់ជាតិ និងលើកកម្ពស់ផលប្រយោជន៍ជាតិឱ្យបានកាន់តែខ្ពស់ច្រើន ដើម្បីឈរឱ្យរឹងមាំនៅលើឆាកអន្តរជាតិ ដោយមិនត្រូវអនុញ្ញាតឱ្យប្រទេសជិតណាមួយមកប្រមាថឬមើលងាយយើងបាននោះទេ។

ទី២. សន្តិភាពនៅតាមព្រំដែន មិនមែនមានន័យថា យើងត្រូវព្រមព្រៀងកាត់ទឹកដីឱ្យប្រទេសជិតខាងណាមួយនោះទេ ដែលនេះគឺជាគោលនយោបាយដ៏ច្បាស់លាស់របស់ សម្ដេចមហាបវរធិបតី ដែលលោកបានបញ្ជាក់ម្តងហើយម្តងទៀតថា រាជរដ្ឋាភិបាលដាច់ខាត មិនព្រមព្រៀងក្នុងការយកបូរណភាពទឹកដីរបស់កម្ពុជា ទៅប្តូរនឹងសន្តិភាពជាដាច់ខាត។ ទី៣. យើងចង់បញ្ចៀសនូវសង្គ្រាមដែលបង្កនូវវិនាសកម្មដែលយើងធ្លាប់ឆ្លងកាត់ ប៉ុន្តែមិនមែនមានន័យថា យើងទម្លាក់អាវុធនោះទេ។ ផ្ទុយទៅវិញយើងត្រូវបន្តពង្រឹងសមត្ថភាពយោធាយើង ហើយតបតដោយអាវុធក្នុងជម្រើសចុងក្រោយ ដើម្បីការពារបូរណភាពទឹកដីយើង។ ទី៤. យើងត្រូវរំលឹកខ្លួនឯងជាប់ជាប្រចាំ ក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ការផលិតនូវផលិតផលក្នុងស្រុកដើម្បីរស់ដោយឯករាជ្យ និងមានភាពរឹងមាំហើយត្រូវចងចាំនូវស្ថានភាពនាពេលកន្លងមក ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា គ្មានអ្នកណាស្រឡាញ់ខ្មែរយើង ជាងខ្មែរគ្នាឯង ហើយគ្មានអ្នកណាដែលអាចជួយយើងបានខ្លាំងជាងយើងជួយខ្លួនឯង ឈររឹងមាំដោយខ្លួនឯង ក្នុងនាមជាជាតិសាសន៍មួយនៅលើសកលលោក។


បើព្រំដែនបើកឡើងវិញមិនមែនមានន័យថា យើងត្រូវងាកមកប្រើផលិតផលគេ ឬពឹងផ្អែកគេនោះទេ យើងត្រូវពឹងខ្លួនឯងឱ្យបានច្រើន។ យើងត្រូវរួមគ្នា សាមគ្គី ឯកភាពជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ដើម្បីឆ្លងកាត់កាលៈទេសៈដ៏លំបាកនេះជាមួយគ្នា៕
ដោយ ស៊ុម វណ្ណា





