ប្រជាពលរដ្ឋព្រៃចាន់-ជោគជ័យសម្រាកលង់លក់ក្រោយការបញ្ឈប់សកម្មភាពចាក់សំឡេងរំខានរបស់ថៃ
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥-- បន្ទាប់ពីរយៈពេល៤យប់នៃភាពរំខានផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយការចាក់សំឡេងដ៏កងរំពង និងព្រឺព្រួចពីសំណាក់ជនជ្រុលនិយមថៃនៅតាមបណ្ដោយព្រំដែន ទីបំផុតភាពស្ងប់ស្ងាត់បានវិលត្រឡប់មកកាន់ភូមិព្រៃចាន់ និងភូមិជោគជ័យ នៃឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ វិញហើយ។ ចាប់តាំងពីព្រលប់ថ្ងៃទី១៤ រហូតដល់ទៀបភ្លឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ សំឡេងខ្មោច យន្តហោះ និងសំឡេងរំខានផ្សេងៗទៀត ដែលជាទង្វើដ៏ឃោរឃៅបានបាត់បង់ទាំងស្រុង ធ្វើឱ្យប្រជាពលរដ្ឋដែលរងគ្រោះអស់ជាច្រើនយប់ បានសម្រាន្តលង់លក់ពេញភ្នែកជាលើកដំបូង។

ការបញ្ឈប់សកម្មភាពចាក់សំឡេងរំខាននេះ គឺធ្វើឡើងបន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងក្លា និងជាបន្តបន្ទាប់ ទាំងពីសំណាក់រដ្ឋាភិបាល និងស្ថាប័នសិទ្ធិមនុស្សកម្ពុជា ក៏ដូចជាការរិះគន់ពីសំណាក់អ្នកនយោបាយ មន្ត្រីសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសថៃផ្ទាល់។ ដើមចមនៃសកម្មភាពរំខាន សកម្មភាពចាក់សំឡេងនេះ បានចាប់ផ្ដើមតាំងពីយប់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីការបរាជ័យនៃផែនការគំរាមកំហែង និងបណ្ដេញពលរដ្ឋខ្មែរចេញពីដីកំណើតរបស់ពួកគេ។ បុគ្គលជ្រុលនិយមថៃម្នាក់ឈ្មោះ កាន់ ចមផ្លាំង ត្រូវបានអាជ្ញាធរខេត្តស្រះកែវ និងយោធាភូមិភាគ ១ របស់ថៃ បើកដៃឱ្យប្រើប្រាស់ឧបករណ៍បំពងសំឡេងដ៏ធំចាក់សំឡេងខ្មោច ព្រាយបិសាច សំឡេងស្មូត្រក្នុងពិធីបុណ្យសពដ៏ព្រឺព្រួច សំឡេងយន្តហោះ និងបទចម្រៀង ចូលមករំខានភូមិសាស្ត្រកម្ពុជា។

សកម្មភាពនេះបានធ្វើឡើងជួនកាល ៣ ទៅ ៤ ដំណាក់កាល ក្នុងមួយយប់ ចាប់ពីក្បាលព្រលប់ រហូតដល់រំលងអាធ្រាត្រ ឬទៀបភ្លឺ។ សកម្មភាពនេះត្រូវបានគេចាត់ទុកថាជាការ រំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាទម្រង់នៃការ ធ្វើទារុណកម្មផ្លូវចិត្ត ទៅលើប្រជាពលរដ្ឋខ្មែរ រួមទាំង ជនចាស់ជរា ជនមានពិការភាព អ្នកជំងឺ ស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន និងក្មេងតូចៗផងដែរ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានប្ដឹងទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk ដោយគូសបញ្ជាក់ថា ទង្វើនេះបានរំលោភបំពានទៅលើបណ្ដា លិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ យ៉ាងច្បាស់លាស់ រួមទាំងអនុសញ្ញាប្រឆាំងទារុណកម្ម (CAT) ផងដែរ។ សូម្បីតែសមាជិកព្រឹទ្ធសភាថៃ លោកស្រី Angkhana Neelapaijit ក៏បានដាស់តឿនរដ្ឋាភិបាលថៃ ថា សកម្មភាពបង្កការភ័យខ្លាច ឬប៉ះពាល់ផ្លូវចិត្ត ជាពិសេសលើក្រុមងាយរងគ្រោះ អាចត្រូវចាត់ទុកជាទារុណកម្មផ្លូវចិត្តក្រោមអនុសញ្ញា CAT ដែលថៃជាភាគី។

ទោះបីជាសកម្មភាពចាក់សំឡេងត្រូវបានបញ្ឈប់ហើយក្ដី ស្ថានភាពនៅតាមព្រំដែននៅតែបន្តមានភាពតានតឹងដដែល ដោយរដ្ឋបាលខេត្តបន្ទាយមានជ័យបានរាយការណ៍ពី ការវិវត្តនៃស្ថានការណ៍ សម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥៖ ភូមិព្រៃចាន់ ភាគីថៃបានបន្ត ចល័តកម្លាំង និងប្រើត្រាក់ទ័រឈូសឆាយចូលលើដីរបស់ប្រជាពលរដ្ឋខ្មែរ នៅតំបន់ដែលពួកគេធ្លាប់បានចូលរៀបចំរបងលួសហ៊ុមព័ទ្ធរួចមកហើយ។ សកម្មភាពឈូសឆាយនេះ បានធ្វើឡើងចាប់ពីថ្ងៃត្រង់ រហូតដល់ម៉ោង ៦ ល្ងាច។ ភូមិជោគជ័យ ស្ថានភាពត្រូវបានកត់សម្គាល់ថា មានភាពស្ងប់ស្ងាត់ជាធម្មតា ហើយពុំមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្ដេជ្ញាចិត្តការពារ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដាច់ខាត ប៉ុន្តែនៅតែបន្តប្រកាន់នូវ ភាពអត់ធ្មត់ខ្ពស់ និងជំរុញការដោះស្រាយបញ្ហាដោយ សន្តិវិធី និងតាមគោលការណ៍ច្បាប់អន្តរជាតិ ដើម្បីរក្សាបាននូវផលប្រយោជន៍ជាតិខ្ពស់បំផុត។ ការវិលត្រឡប់នៃភាពស្ងប់ស្ងាត់នៅពេលរាត្រីនេះ គឺជារឿងដ៏ល្អសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាពលរដ្ឋដែលរងគ្រោះ ប៉ុន្តែសកម្មភាពឈូសឆាយដីធ្លីថ្មីនៅភូមិព្រៃចាន់ បានបង្ហាញថា ភាពតានតឹង និងការរំលោភបំពានដោយឯកតោភាគីរបស់ថៃនៅតែបន្តកើតមាន ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ៕
ដោយ ឈុន សារ៉ាត





