រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប១៣ឆ្នាំ
AKP កំពង់ចាម ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកំពង់ចាមដឹកនាំដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការរគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម បានអញ្ជើញរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដោយមានថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ថ្វាយព្រះវិញ្ញាណក្ខន្ធ ករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មេរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយាងសោយទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានរំលឹកថា ការយាងចូលទីវង្គតរបស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់មហាក្សត្រមួយព្រះអង្គ ដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជាដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិបូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ ព្រះកាយពល ដើម្បីបុព្វហេតុឯករាជ្យជាតិបូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា ទូលបង្គំជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជារាស្ត្រក្នុងខេត្តកំពង់ចាមទាំងមូល សូមលើកហត្ថប្រណំ បួងសួង ឧទ្ទិសថ្វាយនូវព្រះរាជកុសល ដល់ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គទទួលនូវផល្លានិសង្ឃដែលកូនចៅ ចៅទួតរបស់ព្រះអង្គនាឱកាសនេះ និងសូមវិញ្ញាណក្ខន្ធព្រះ តាមជួយថែរក្សា ឃុំគ្រង ទឹកដីនិងប្រជានុរាស្ត្រ ក្នុងព្រះរាជាណាចក្រកម្ពុជាយើងទទួលបានសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍តទៅ។


ឯកឧត្តម អ៊ុន ចាន់ បានបញ្ជាក់ថា ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនេះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ហើយទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេស ធ្វើពិធីប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋជារៀងរាល់ឆ្នាំ៕
ដោយ ឆាយ ម៉ុត





